(ភ្នំពេញ)៖ មិនដែលឱ្យហ្វេនៗខកបំណងម្តងណាឡើយ តារាចម្រៀង តន់ ចន្ទសីម៉ា ត្រឡប់មកជាមួយអាល់ប៊ុមចម្រៀងថ្មី ឈ្មោះថា Black-Red Album ដែលមានបទចម្រៀងពីរោះៗជាច្រើនបទ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តារាចម្រៀងរូបនេះ បានផ្លាស់ប្តូរស្ទីលតុបតែងខ្លួនថ្មីប្លែកមើលសឹងតែពុំស្គាល់។

មិនត្រឹមប្តូរស្ទីលតែងខ្លួនបែបយុវវ័យប៉ុណ្ណោះទេ សូម្បីរសជាតិនៃចម្រៀងក៏ត្រូវបាន Update ថ្មី ដោយបន្ថែមអត្ថន័យ ខ្លឹមសារ ចង្វាក់ភ្លេង ជាពិសេសក្បាច់រាំដ៏រស់រវើកជាបង្អែមនៃបទចម្រៀងថ្មីទាំងនោះ។

ជាក់ស្តែង «ALRIGHT» ជាបទចម្រៀងថ្មីមួយក្នុងចំណោមបទចម្រៀងថ្មីៗក្នុងអាល់ប៊ុម Black-Red របស់ តន់ ចន្ទសីម៉ា។ តារាចម្រៀងរូបនេះ បានពាំនាំរសជាតិថ្មីប្លែកនៃចម្រៀង ដោយប្រិយមិត្តអ្នកគាំទ្រនឹងបានស្តាប់បទមនោសញ្ចេតនាបែបឈឺចាប់ជាមួយចង្វាក់ភ្លេងថ្មីបែប chill chill ស័ក្កិសមសម្រាប់យុវវ័យអ្នកស្តាប់នាពេលបច្ចុប្បន្ន។

ថ្វីបើ «ALRIGHT» ជាចម្រៀងរៀបរាប់ពីភាពឈឺចាប់ តែចង្វាក់ភ្លេងសប្បាយៗ ជំរុញឱ្យបទថ្មីនេះកាន់តែពីរោះ គួបផ្សំទឹកដមសំនៀងដ៏ក្រអួនក្រអៅរបស់ តន់ ចន្ទសីម៉ា ធ្វើឱ្យបទនេះរឹតតែមានរសជាតិថែមមួយកម្រិតទៀត។

គ្រាន់តែទម្លាក់លើទីផ្សារភ្លាម បទ «ALRIGHT» របស់ តន់ ចន្ទសីម៉ា ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកចុចស្តាប់ និងបញ្ចេញមតិយោបល់ផ្សេងៗគ្នាយ៉ាងច្រើនកុះករ។ ក្នុងនោះពួកគេក៏បានសរសើរពីការរៀបចំតុបតែងប្លង់ថត និងបច្ចេកទេសថតថ្មី មើលទៅគួរឱ្យចាប់អារម្មណ៍ខ្លាំងមុនទៅទៀត៕