(បរទេស)៖ អ្នកនាំពាក្យក្រុមហ៊ុនមេ Alphabet បានឱ្យដឹងថា ប្រធានផ្នែកឯកជនភាពរបស់ Google លោក Keith Enright នឹងចាកចេញពីក្រុមហ៊ុននៅរដូវស្លឹកឈើជ្រុះនេះ បន្ទាប់ពីលោកបានបម្រើការងារនៅទីនោះអស់រយៈពេលជាង ១៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

លោក Enright ត្រូវបានតែងតាំងជាប្រធានឯកជនភាពរបស់ Google នៅខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងពេលដែលក្រុមហ៊ុនបានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរពីរដ្ឋាភិបាលជុំវិញបញ្ហាឯកជនភាព។ ខណៈដែល ការចាកចេញរបស់ Enright គឺជាផ្នែកមួយនៃការរៀបចំឡើងវិញយ៉ាងទូលំទូលាយនៅក្នុងក្រុមឯកជនភាព ស្របពេលដែលក្រុមហ៊ុនបានព្យាយាមផ្លាស់ប្តូរគោលការណ៍ឯកជនភាពរបស់ខ្លួន និងប្តូរឱ្យផ្នែកគ្រប់គ្រងផលិតផល ឬ management teams ជាអ្នកគ្រប់គ្រងជំនួសវិញ។

គួរជម្រាបថា លោក Enright បានប្រកាសពីការចាកចេញរបស់លោកនៅលើ LinkedIn ដោយបញ្ជាក់ថា «លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្លាស់ប្តូរ ហើយនឹងចាកចេញនៅរដូវស្លឹកឈើជ្រុះនេះ»។ ក្នុងនោះ ក្រុមហ៊ុន Google ក៏បានបញ្ជាក់ផងដែរថា Enright នឹងមិនត្រូវបានជំនួសទេ ហើយផ្ទុយទៅវិញ តួនាទីរបស់គាត់នឹងត្រូវបានរៀបចំឡើងវិញ ដើម្បីរួមបញ្ចូលក្រុមជាច្រើនដែលធ្វើការលើការអនុលោមតាមច្បាប់នៅទូទាំងស្ថាប័ន៕