(បរទេស)៖ បុគ្គលិក និងអតីតបុគ្គលិក ដែលបម្រើការងារនៅក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ធំៗជាច្រើន រួមទាំង Microsoft, OpenAI , Alphabet និង DeepMind ដែលជារបស់ Google បានបង្កើនការព្រួយបារម្ភអំពីហានិភ័យ ដែលបង្កឡើងដោយបច្ចេកវិទ្យាដែលកំពុងរីកចម្រើន គឺ AI ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

តាមរយៈលិខិតចំហរមួយរបស់បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិករបស់ក្រុមហ៊ុន OpenAI សរុបចំនួន ១១នាក់ និងពីបុគ្គលិកនៅ DeepMind បាននិយាយថា ហេតុផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន AI បានរារាំងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពរបស់ពួកគេ។ «យើងមិនជឿថារចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្មមានលក្ខណៈគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរនេះទេ»។ នេះបើតាមអ្វីដែលពួកគេនិយាយបន្ថែមលើលិខិតនោះ។

បុគ្គលិកទាំងនោះ បានព្រមានបន្ថែមទៀតអំពីហានិភ័យរបស់ AI ដែលមិនមានការគ្រប់គ្រងត្រឹមត្រូវ ពោលគឺបង្ករឲ្យមានការចែកចាយព័ត៌មានមិនពិត, ការបាត់បង់ប្រព័ន្ធ AI ឯករាជ្យ និងការធ្វើឱ្យស៊ីជម្រៅនៃវិសមភាពដែលមានស្រាប់ អាចបណ្តាលឱ្យមាន «ការផុតពូជរបស់មនុស្ស» ជាដើម ។ អ្នកស្រាវជ្រាវបានរកឃើញថា ម៉ាស៊ីនដែលបង្កើតរូបភាព ពីក្រុមហ៊ុននានារួមទាំង OpenAI និង Microsoft បានបង្កើតរូបថតជាមួយនឹងព័ត៌មានមិនពិតទាក់ទងនឹងការបោះឆ្នោតនានា។ បញ្ហាទាំងនេះ គឺជាអ្វីដែលគេមើលឃើញពីការអសមត្ថភាពរបស់ក្រុមហ៊ុន AI ពាក់ព័ន្ធនឹងដែនកំណត់របស់ AI នេះ។

គួរជម្រាបថា លិខិតចំហលើនេះ ត្រូវបានគេដឹងថាជាអត្ថបទចុងក្រោយបង្អស់ ដែលលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនៃបច្ចេកវិទ្យា AI ដែលអាចផលិតបានយ៉ាងឆាប់រហ័ស។ បុគ្គលិកទាំងនោះ បានជំរុញឱ្យក្រុមហ៊ុន AI សម្របសម្រួលដំណើរការសម្រាប់និយោជិតបច្ចុប្បន្ន និងអតីតបុគ្គលិក ដើម្បីលើកឡើងពីកង្វល់ទាក់ទងនឹងហានិភ័យទាំងនេះ។ តែយ៉ាងណា ជុំវិញក្តីបារម្ភនេះ គេមិនទាន់ឃើញមានការឆ្លើយតបណាមួយពីក្រុមហ៊ុន AI ខាងលើឡើយ៕