(ឡុងដ៍)៖ ខ្សែបម្រើក្លិប Tottenham Hotspur គឺ James Maddison ត្រូវបានធ្លាក់ចេញពីបញ្ជីកីឡាករ ២៦នាក់ចុងក្រោយរបស់អង់គ្លេស ដើម្បីទៅលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់នាពាក់កណ្តាលខែមិថុនានេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា Maddison បានស្ថិតក្នុងចំណោមកីឡាករ ៧រូបដែលត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស ដើម្បីទៅលេងពានអឺរ៉ុបលើកទី១៧ ដោយដំបូងឡើយ ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបានស្ថិតក្នុងបញ្ជី ៣៣នាក់ដំបូង ដែលត្រូវបានកោះហៅចូលជំរំហ្វឹកហាត់ជុំគ្នាដែរ។

លើសពីនេះទៀត Maddison ក៏បានចូលលេងក្នុងនាមកីឡាករបម្រុងផងដែរ ពេលអង់គ្លេសបំបាក់បូស្នី ៣-០ នៃជំនួបមិត្តភាពអន្តរជាតិកាលពីរាត្រីថ្ងៃចន្ទនៅកីឡដ្ឋាន St. James’ Park ទៀតផង។

Maddison ដែលបានផ្លាស់មកចូលរួមជាមួយ Spurs ក្នុងតម្លៃ ៤០លានផោននារដូវក្តៅមុននោះពីក្លិប Leicester City ពុំសូវបានបង្ហាញខ្លួនញឺកញាប់នោះទេ ដោយសារញាំញីដោយរបួសខ្លាំងពេក តែកីឡាករទើបជាពីរបួស គឺខ្សែការពារស្លាបឆ្វេង Luke Shaw មកពីក្លិបបិសាចក្រហម Manchester United មិនត្រូវបានកាត់ចេញទៅវិញ។

ក្រុមតោកំណាចអង់គ្លេសរបស់លោក Gareth Southgate នឹងប្រកាសបេក្ខភាព ២៦នាក់ផ្លូវការនាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ពោលគឺក្រោយពេលប្រកួតកំដៅសាច់ដុំទល់នឹងអ៊ីស្លង់នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃសុក្ររួច៕