(ឡុងដ៍)៖ តោខៀវ Chelsea នឹងឈប់ដាក់ខ្ចីជើងបន្តទៀតហើយសម្រាប់កីឡាករ Romelu Lukaku ពោលគឺដើម្បីទុកលក់ចេញផ្លូវការវិញ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិករូបនេះ ស៊ុតបាន ១៣គ្រាប់ ពីការបង្ហាញខ្លួន ៣២ប្រកួតជាមួយ AS Roma នារដូវកាលមុន ក្នុងនាមលេងខ្ចីជើងពីក្លិបអង់គ្លេស Chelsea សមាជិកលេងនៅ Premier League។

មុនរដូវកាលថ្មីឆ្នាំ២០២៤-២០២៥ ចាប់ផ្តើម តោខៀវបានកំពុងស្វែងរកជម្រើស ដើម្បីលក់កីឡាករវ័យ ៣១ឆ្នាំ Lukaku ចេញក្នុងតម្លៃដែលត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣៧លានផោន និងបញ្ចប់ការចំណាយ ៣២៥,០០០ផោន ក្នុង ១សប្តាហ៍សម្រាប់រូបគេទៀតផង បន្ទាប់ពីមើលឃើញថា Roma មានបំណងទិញដាច់ផងនោះ។

នៅចាំបានថា Chlesea បានទិញ Lukaku ក្នុងតម្លៃដ៏ថ្លៃផងដែរពីក្លិបអ៊ីតាលី Inter Milan កាលឆ្នាំ២០២១ ជាមួយនឹងតម្លៃផ្ទេរមានដល់ទៅ ៩៧.៥លានផោន ពោលគឺក្រោយពេលកីឡាករមាឌធំរូបនេះជួយ Inter ឈ្នះជើងឯកលីគ Serie A រួចមក។

គួរបញ្ជាក់ផងថា កាលពីរដូវក្តៅមុន Chelsea ក៏បានទទួលសំណើសុំទិញពីក្លិប Al-Hilal លេងក្នុងលីគ Pro League ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបដិសេធមិនផ្លាស់ប្តូរទៅលេងនៅអារ៉ាប៊ីសាអូឌីត៕