(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានព្រមានដកសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ពិភពលោក World Cup ប្រសិនបើប្រទេសនោះ មានការរំលោភបំពានផ្នែកសិទ្ធិមនុស្ស។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ។

ការព្រមានចាត់វិធានការក្តៅនេះដែរ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍មួយបានទទូចឱ្យស្ថាប័នមិនគិតពីប្រាក់កំរ៉ៃ FIFA «ត្រូវតែដកសិទ្ធិ និងលុបកិច្ចព្រមព្រៀងចោលតែម្តង ចំពោះប្រទេសម្ចាស់ផ្ទះ World Cup ណាដែលមានការបំពារបំពានទៅលើសិទ្ធិមនុស្ស»

កាលពីឆ្នាំទៅ FIFA បានប្រកាសថា ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ទទួលបានសិទ្ធិធ្វើសហម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០៣០ ផ្នែកបុរស ជាមួយនឹង ៣ប្រកួតចាប់ផ្តើមបើកឆាកធ្វើនៅអ៊ុយរ៉ាហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ នៅពេល ៤ឆ្នាំបន្ទាប់ ពោលគឺ World Cup 2034 គឺមានតែអារ៉ាប៊ីសាអូឌីតម្នាក់ឯងប៉ុណ្ណោះ។

ទន្ទឹមគ្នានោះ នៅក្នុងសេចក្តី្ថថ្លែងការណ៍របស់ FIFA បានគូសបញ្ជាក់ថា «សហព័ន្ធមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរក្សាបានស្តង់ដារស្ថិរភាពសិទ្ធិមនុស្ស ដែលត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ នៅពេលរៀបចំកម្មវិធីធំម្តងៗ»

អង្គការ Amnesty International ធ្លាប់បានធ្វើការប្រឆាំងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅឯព្រឹត្តិការណ៍ World Cup 2022 ក្នុងប្រទេសកាតា និងបានចាត់ទុកប្រទេសស្ថិតនៅតំបន់ឈូងសមុទ្រមួយនេះ មានការគំរាមកំហែងសិទ្ធិមនុស្សខ្លាំងក្លាបំផុតមិនធ្លាប់មាន ក្នុងចំណោមប្រទេសធ្លាប់ទទួលបានសិទ្ធិរៀបចំ World Cup កន្លងមក៕