(ភ្នំពេញ)៖ ខ្សែប្រយុទ្ធជម្រើសជាតិម៉ុងហ្គោលី Ganbold Ganbayar ដែលកំពុងប្រកបអាជីពឲ្យក្លិប Komarno FC នៃប្រទេសស្លូវ៉ាគី ត្រូវបានចាត់ទុកជាក្ដីកង្វល់មួយ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្ដរជាតិនារាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

នេះបើតាមការលើកឡើងរបស់លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមិត្តភាពអន្ដរជាតិខាងលើនៅព្រឹកថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញលោកនៅតែមានសុទិដ្ឋិនិយម ចំពោះកូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ សម្រាប់ការប្រកួតក្នុងដីលើកដំបូងក្នុងឆ្នាំ២០២៤ នេះ។

លោក Felix បានននិយាយថា «កីឡាករ (ម៉ុងហ្គោលី) ម្នាក់ កំពុងលេងនៅអឺរ៉ុប អាចជាបញ្ហាសម្រាប់ក្រុមយើង។ ប៉ុន្ដែក្រោយការប្រមូលផ្ដុំ ៤-៥លើកកន្លងមក ខ្ញុំជឿជាក់ក្រុមយើងនឹងធ្វើបានល្អប្រសើរជាងមុន បន្ទាប់ពីការប្រកួតជាមួយក្រុមខ្លាំងៗនាប៉ុន្មានប្រកួតកន្លងមក»

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដដែលបន្ថែមថា ឆ្នាំ២០២៣ បានបញ្ចប់ហើយ ឥឡូវចូលឆ្នាំថ្មី យើងត្រូវចាប់ផ្ដើម និងត្រៀមខ្លួនធ្វើការងារឡើងវិញ។ ខ្ញុំចាំបានថា កាលខ្ញុំមកលើកមុនត្រូវការពេល ១ឆ្នាំ។ អ៊ីចឹងការប្រកួតថ្ងៃស្អែក ដែលជាការចាប់ផ្ដើមឆ្នាំថ្មី ពួកយើងនឹងធ្វើបានល្អ។

ទន្ទឹមជាមួយគ្នាលោក Otsuka Ichiro គ្រូបង្វឹកក្រុមម៉ុងហ្គោលីបានលើកឡើងថា ទោះបីប៉ុន្មានប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ពុំទទួលបានលទ្ធផលល្អ តែលោកមើលឃើញពីភាពខ្លាំងរបស់កម្ពុជា ដែលមានប្រៀបជាងក្រុមខ្លួន ជាក់ស្ដែងការប្រកួត FIFA Series ទោះបីកម្ពុជា ចាញ់ក្រុមមកពីទ្វីបអាហ្វ្រិកក៏ពិតមែន តែកម្ពុជាបានរកគ្រាប់បាល់ ដែលនេះគឺជាចំណុចខ្លាំងមួយរបស់ក្រុមគោព្រៃ។

គ្រូបង្វឹកជនជាតិជប៉ុនរូបនេះបន្ដថា «ខ្ញុំមើលការប្រកួតរបស់កម្ពុជាច្រើន ដូចជា FIFA Series ទោះចាញ់ ៤-១ តែបានបង្ហាញពីការលេងល្អ ជាពិសេសការប្រយុទ្ធ។ កីឡាករមានល្បឿនលឿន ហើយអាចរកបានគ្រាប់បាល់ពីក្រុមខ្លាំងដូចក្រុមមកពីអាហ្វ្រិក។ តំបន់ការពាររបស់ទោះចាញ់មែន តែលេងល្អលើការប្រយុទ្ធ និងការការពារ។ យើងបានបង្ហាញវីដេអូកម្ពុជាលេងដល់កូនក្រុមដែរ ថាកម្ពុជាល្អប៉ុនណា។ នេះជាការត្រៀមយ៉ាងល្អសម្រាប់ខែកញ្ញា ដែលពួកយើងត្រូវជួបក្រុមទីម័រខាងកើត»

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា និងម៉ុងហ្គោលី បានណាត់គ្នាប្រកួតមិត្តភាពចំនួន ២ប្រកួត ដោយជើងទី១ ត្រូវប្រកួតលើទឹកដីកម្ពុជា នាវេលាម៉ោង ៧យប់ថ្ងៃទី០៧ ខែមិថុនា និងជើងទី២ ត្រូវប្រកួតលើទឹកដីម៉ុងហ្គោលីវិញ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ ដូច្នេះក្រោយបញ្ចប់ការប្រកួតនារាត្រីថ្ងៃសុក្រស្អែក ក្រុមគោព្រៃកម្ពុជា នឹងត្រូវធ្វើដំណើរទៅម៉ុងហ្គោលីតែម្ដង ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជើងទី២ នាដើមសប្ដាហ៍ក្រោយ៕