(បរទេស)៖ Kneron ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិមិត្ត AI និងជាក្រុមហ៊ុនមួយទទួលការគាំទ្រពី Qualcomm បានចាប់ផ្តើមបង្ហាញផលិតផលបន្ទះឈីប AI ជំនាន់ក្រោយរបស់ខ្លួន ដើម្បីស្វែងរកការចាប់អារម្មណ៍លើអាជីវកម្ម AI និងត្រូវបានគេដឹងថា ចូលខ្លួនមកប្រជែងជាមួយ ក្រុមហ៊ុនយក្សដូចជា Nvidia និង AMD។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

កាលពីថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុន Kneron ក៏បានប្រកាសថា បន្ទះឈីបជំនាន់ចុងក្រោយបំផុត KL830 របស់ខ្លួន នឹងមាននៅក្នុងកុំព្យូទ័រថ្មីមួយ ខណៈផលិតផលថ្មីនេះ អាចនឹងបង្កើតបញ្ហាប្រឈមដល់ក្រុមហ៊ុន Intel និង AMD ដែលកំពុងផលិតបន្ទះសៀគ្វីកុំព្យូទ័រដូចគ្នាផងនោះ ព្រោះមានគូប្រជែងថ្មីមួយទៀតចូលខ្លួនមកដល់។ KL830 នឹងអនុញ្ញាតឱ្យកុំព្យូទ័រដំណើរការកម្មវិធី AI នៅលើឧបករណ៍ផ្ទាល់តែម្តង ជាជាងភ្ជាប់ទៅអ៊ីនធឺណិត។

គួរជម្រាបថា ការបើកដំណើរការរបស់ក្រុមហ៊ុនថ្មី Kneron កើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Nvidia និង AMD បានដាក់ដំណើរការបន្ទះឈីប AI ចុងក្រោយបំផុតរបស់ពួកគេ ដោយក្រុមហ៊ុនទាំងពីរនេះ ហាក់ដូចជាបង្កើនល្បឿននៃបើកដំណើរការផលិតផលរបស់ខ្លួន។ ផលិតផលពី Nvidia និង AMD គឺផ្តោតលើមជ្ឈមណ្ឌលទិន្នន័យដ៏ធំ ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលអាចបណ្តុះបណ្តាលម៉ូដែល AI ៕