(ភ្នំពេញ)៖ សហព័ន្ធកីឡាសម្ព័ន្ធកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែមិថុនានេះ បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបចំនួន ១២នាក់ ចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិកជ្រើសរើសជើងឯកអាស៊ី លើកទី៩ (9th Junior and Senior Aerobic Gymnastics Asian Championships) នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៦-១១ ខែមិថុនា ឆ្នាំ២០២៤ ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ ក្នុងនាមគ្រូបង្វឹក និងជាប្រធានប្រតិភូ បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីកម្ពុជាថា ក្នុងចំណោមប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ដែលត្រូវចូលរួមប្រកួតជើងឯកអាស៊ីឆ្នាំនេះ មានកីឡាករម្នាក់ និងកីឡាការិនី ៨នាក់ ។ នេះគឺជាបេសកកម្មប្រកួតអន្ដរជាតិលើកដំបូង ក្នុងឆ្នាំ២០២៤ បន្ទាប់ពីការប្រមូលផ្ដុំហ្វឹកហាត់មិនមានការរំសាយ តាំងពីដើមឆ្នាំកន្លងមក ។

លោកបន្ដថា ការប្រកួត គឺជាចំណុចសំខាន់ បន្ទាប់ពីការហ្វឹកហាត់ ។ ដូច្នេះការចូលរួមលើកនេះ គឺដើម្បីបង្ហាញពីការចូលរួមដើម្បីប្រកួតប្រជែងកម្រិតអាស៊ីផង និងដើម្បីវាស់ស្ទង់សមត្ថភាព បច្ចេកទេសរបស់កីឡាករ-កីឡាការិនីកម្ពុជាផង ។ ម្យ៉ាងក៏ជាឱកាសដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ផងដែរ ។

«ក្នុងនាមអតីតម្ចាស់មេដាយមាសមួយ ការចូលរួមលើកនេះ យើងប្ដេជ្ញាខិតខំធ្វើយ៉ាងណាឲ្យស្ថិតក្នុងកម្រិតមួយ ដែលយើងអាចរកមេដាយបាន ។ តាំងពីដើមឆ្នាំមក យើងមិនដែលលែងដៃទេ យើងធ្វើការហ្វឹកហាត់ជាប្រចាំ ។ បើនិយាយពីលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនី ជ័យជម្នះមិនសម្រេចតែលើមេដាយទេ មានន័យថា បើពួកគាត់បំបែកសិទ្ធផលចាស់ ក៏ជាភាពជោគជ័យមួយដែរ» ។ លោក ណយ ផាណា បន្ថែម ។

ឆ្លៀតឱកាសនោះដែរ លោកបានថ្លែងអំណរគុណរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលតែងគិតគូរ និងយកចិត្តទុកដាក់ចំពោះវិស័យកីឡាគ្រប់ពេលវេលា ព្រមទាំងលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានសហព័ន្ធ ដែលតែងយកចិត្តទុកដាក់ជាប់ជាមួយកីឡាករ-កីឡាការិនី ដើម្បីជំរុញការហ្វឹកហាត់ និងចូលរួមការប្រកួតជាតិ-អន្ដរជាតិនានា ៕