(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «Miss Cambodia 2024» បានចាប់ផ្ដើមបើកឱកាសដល់បេក្ខនារីទូទាំងប្រទេស ដាក់ពាក្យចូលរួមប្រកួតប្រជែងសម្រស់ និងសមត្ថភាពហើយ ដើម្បីស្វែងរកបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួតនៅក្នុងប្រទេសជប៉ុន នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នាចុងឆ្នាំ២០២៤ខាងមុខ។ ក្រៅពីមានឱកាសបានទៅប្រកួតតំណាងប្រទេស ដែលជាកិត្តិយស និងមុខមាត់មោទនភាពរបស់ជាតិហើយនោះ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិញស្វាញ នៅក្នុងប្រទេសឯណេះវិញ បេក្ខនារីដែលទទួលបានជ័យលាភី នឹងមានឱកាសគ្រងមកុដពេជ្រ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ, ខ្សែកពេជ្ររំលេចដោយត្បូងរតនៈគិរី ព្រមទាំងរថយនុ្តទំនើបមួយគ្រឿងទៀតផង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ដើម្បីបើកកម្មវិធីប្រកួត កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ បានប្រកាសធ្វើជាស្ពន់ស័រធំ និង ធ្វើជាដៃគូតែមួយជាមួយ លោក ម៉ែន និមលរ័ត្ន ដែលជានាយក CIM ដើម្បីរៀបចំការប្រកួត Miss Cambodia 2024 ជ្រើសរើសយកបេក្ខនារីមួយរូបតំណាងកម្ពុជា ឲ្យចេញទៅប្រកួតនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខនេះ។ លោកឧកញ៉ា ចិន សំណាង បានបន្ថែមថា ដោយសារតែលោកមានចិត្តស្រឡាញ់វិស័យបវរកញ្ញាឯក ចង់ចូលរួមផ្សព្វផ្សាយពីវិស័យវប្បធម៌ អរីយធម៌ និងតំបន់ទេសចរណ៍របស់ខ្មែរនៅលើឆាកអន្តរជាតិ ទើបលោកបានប្រឹងប្រែងចំណាយទាំងកម្លាំងកាយចិត្ត និងធនធានសម្រាប់ជួយដល់កម្មវិធីប្រកួត Miss Cambodia 2024 នៅឆ្នាំនេះ។

ការប្រកួត «Miss Cambodia 2024» នៅក្នុងឆ្នាំនេះ គឺយើងនឹងធ្វើឡើងឲ្យកាន់តែកក្រើកជាងឆ្នាំមុនៗ ដោយបេក្ខនារីត្រូវតែមានសមត្ថភាព រូបសម្រស់ ចំណេះដឹង ភាពក្លាហាន សីលធម៌សង្គមពិតប្រាកដ ដើម្បីតំណាងឲ្យប្រទេសកម្ពុជា ឡើងទៅលើឆាកអន្តរជាតិ។ ការបញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេស បេក្ខនារីត្រូវតែមានភាពក្លាហាន ម៉ឺងម៉ាត់ ស្គាល់ពីវប្បធម៌របស់ខ្លួនពិតៗ នឹងក្ដីសង្ឃឹមខ្ពស់ ក្នុងការដណ្ដើមបានជ័យលាភីមកកាន់ប្រទេសជាតិខ្លួនវិញ។

លោកឧកញ៉ា បានសង្កត់ធ្ងន់ថា សម្រាប់រង្វាន់លើកទឹកចិត្តលើបេក្ខនារីដែលទទួលបានជ័យជំនះ នៅឆ្នាំនេះក៏ទទួលបានច្រើនស័ក្តិសមនឹងជ័យជំនះដែរ ពោលគឺលោកបានសម្រេចច្នៃម៉ូដមកុដ ជាទម្រង់កំពូលខក្លោងទ្វាប្រាសាទព្រះវិហារ អមដោយត្បូងរតនៈគិរី និងខ្សែកពេជ្ររំលេចត្បូងដ៏មានតម្លៃ សម្រាប់អ្នកឈ្នះ ហើយអ្នកឈ្នះតំណាងកម្ពុជា នឹងទទួលបានរថយន្តមួយគ្រឿងតម្លៃខ្ទង់ ១៥០០០ដុល្លារ ដែលធ្វើឲ្យបេក្ខនារីអ្នកឈ្នះ កាន់តែស្អាត និងមានមុខមាត់លើឆាកជាតិ និងអន្តរជាតិ។ ក្នុងនោះលោកក៏ផ្គត់ផ្គង់សំបុត្រយន្តជាប្រភេទ First Class និងការចំណាយផ្សេងៗ មិនឲ្យបេក្ខនារីពិបាក ក្នុងពេលចេញប្រកួតនៅក្រៅប្រទេសឡើយ។

ដោយឡែក លោក ម៉ែន និមលរ័ត្ន នាយក CIM និងជាប្រធានក្នុងការជ្រើសរើស និងរៀបចំការប្រកួតបានថ្លែងប្រាប់ឲ្យដឹងថា បេក្ខនារីនីមួយៗមុននឹងដាក់ពាក្យចូលរួមប្រកួត ត្រូវដឹងពីសមត្ថភាពរបស់ខ្លួន និងភាពក្លាហាន បូករួមទាំងរូបសម្រស់ផងដែរ។ ជាពិសេសត្រូវយល់ពីលក្ខន្តិកៈនៃកម្មវិធី ត្រូវចេះតស៊ូអត់ធ្មត់ មានការព្យាយាម ក្នុងនោះបេក្ខនារីត្រូវមានភាពរហ័សរហួន ចេះបត់បែនតាមកាលៈទេសៈ ចេះទំនាក់ទំនងការងារជាក្រុម ហើយត្រូវយល់ដឹងពីវប្បធម៌ អរីយធម៌ខ្មែរឲ្យបានជ្រៅជ្រះ ច្បាស់លាស់ ដើម្បីជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយ ពេលទៅចូលរួមប្រកួតលើឆាកអន្តរជាតិ៕