(ភ្នំពេញ)៖ ដាយ អ៊ិឈិ ឡាយហ្វ៍ ​(ខេមបូឌា) បានបរិច្ចាគ​ថវិកាចំនួន ២៥,០០០ដុល្លារ រួមជាមួយនឹងអាហារចាំបាច់ ទៅកាន់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដើម្បីគាំទ្រមជ្ឈមណ្ឌលក្នុងការផ្តល់ការថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃដល់អ្នកជំងឺកាន់តែច្រើន និងដើម្បីរួមចំណែកសាងសង់អគារមន្ទីរពេទ្យថ្មីនៅខេត្តកណ្តាល។ ការបរិច្ចាគនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការខិតខំរួមចំណែកជួយដល់សង្គម និងការជម្រុញកិច្ចសហការឲ្យកាន់តែរឹងមាំរវាងជប៉ុន-កម្ពុជា តាមរយៈវិស័យថែទាំសុខភាពប្រកបដោយគុណភាព ខណៈក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កំពុងអបអរសាទរខួប៥ឆ្នាំរបស់ខ្លួននៅកម្ពុជា។

ពិធីបរិច្ចាគនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទី នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ​ប្រធាន និងសមាជិកក្រុមប្រឹក្សារបស់ក្រុមហ៊ុន​​ ដាយ អ៊ិឈិ ឡាយហ្វ៍, លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និង​គណៈគ្រប់គ្រងជាន់ខ្ពស់មកពី ដាយ អ៊ិឈិ ឡាយហ្វ៍ និងមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។

មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន គឺជាមជ្ឈមណ្ឌល​ឯកទេសរបស់ប្រទេសជប៉ុន ដែលបានប្តេជ្ញាផ្តល់សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ។ នៅឆ្នាំ២០២៣ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់អ្នកជំងឺទាំងពេញវ័យ និងកុមារជាង៣ម៉ឺននាក់ រួមទាំងកុមារមានជំងឺមហារីកផងដែរ។ ដាយ អ៊ិឈិ ឡាយហ្វ៍​ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយរបស់ប្រទេសជប៉ុន និងជាដៃគូគាំទ្រដំបូងរបស់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមបោះជំហានចូលមកប្រទេសកម្ពុជា។ កន្លងមក ដាយ អ៊ិឈិ ឡាយហ្វ៍ បានជួយបរិច្ចាគឧបករណ៍វះកាត់ និងថែទាំអ្នកជំងឺ គាំទ្រការបរិច្ចាគឈាម និងជំនួយសម្ភារៈសំខាន់ៗផ្សេងទៀត។

លោកស្រីវេជ្ជបណ្ឌិត Maiko Kojiro នាយិកាមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានមានប្រសាសន៍ថា «យើងអរគុណយ៉ាងក្រៃលែងចំពោះការបរិច្ចាគពី ដាយ អ៊ិឈិ ឡាយហ្វ៍។ ការរួមចំណែកនេះនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្ត​ទៀតរបស់យើងក្នុងការ  ផ្តល់ការថែទាំ ព្យាបាល និងសង្គ្រោះជីវិតអ្នកជំងឺកាន់តែច្រើនទៀត។ ជាមួយនឹងការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះសហគមន៍នៅកម្ពុជា កិច្ចសហការជាមួយក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តដូចជា ដាយ អ៊ិឈិ ឡាយហ្វ៍ ពិតជាសំខាន់ក្នុងការធានាអនាគត និងសុខមាលភាពកាន់តែប្រសើរសម្រាប់សហគមន៍»

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនដាយ អ៊ិឈិ ឡាយហ្វ៍​ បានមានប្រសាសន៍ថា «លើសពីការប្តេជ្ញាចិត្តក្នុងការផ្តល់ការការពារអនាគតហិរញ្ញវត្ថុជូនដល់អតិថិជន ដាយ អ៊ិឈិ ឡាយហ្វ៍ តែងតែ​គាំទ្រដល់សុខមាលភាពរបស់សហគមន៍។ ការបរិច្ចាគនេះមានបំណងជួយដល់អ្នកជំងឺកាន់តែច្រើន ជាពិសេសកុមារ ក្នុងការទទួលបានការថែទាំ និងព្យាបាលប្រកបដោយគុណភាពដែលពួកគាត់ត្រូវការ ដែលវាគឺជាផ្នែកដ៏សំខាន់មួយនៃការប្តេជ្ញាចិត្តរបស់យើង។ ខ្ញុំមានមោទនភាពចំពោះភាពជាដៃគូ​មួយនេះ ជាមួយ និងគំនិតផ្តួចផ្តើមរួមគ្នាជាបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍»