(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានរកឃើញម្ចាស់ជ័យលាភី ក្នុងការប្រកួតរចនា Mascot តំណាងអោយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្នុងកម្មវិធីក្មេងគិតក្មេងគូរ Look Beyond ដែលជ័យលាភីបានទៅបេក្ខជនឈ្មោះ ចាន់ណា មកពីខេត្តសៀមរាប។

ប្អូនប្រុស ចាន់ណា បាននិយាយថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបជាខ្លាំង ដែលបានក្លាយទៅជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធី ប្រកួតរចនា mascot ក្មេងគិតក្មេងគូរ ដែលបានរៀបចំឡើងដោយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងភ្លើងគប់។ វាជារឿងដែលនឹកស្មានមិនដល់ ពីព្រោះតាំងតែពីវគ្គជម្រុះដំបូងមកដល់វគ្គជម្រុះចុងក្រោយ បេក្ខជនម្នាក់ៗសុទ្ធតែជាអ្នកមានសមត្ថភាព និងមានភាពច្នៃប្រឌិតខ្ពស់ ហើយនេះក៏ជាហេតុដែលធ្វើឲ្យខ្ញុំមានមោទនភាព និងពេញចិត្តចំពោះសមិទ្ធផលមួយនេះ»

ចាន់ណា បានបន្តទៀតថា លោកជាអ្នកមកពីខេត្ត សៀមរាប ហើយបានមករស់នៅទីក្រុងភ្នំពេញអស់រយ:ពេលពីរឆ្នាំហើយ។ នៅពេលចប់ទី ១២ ភ្លាម លោកក៏ផ្លាស់មកនៅទីក្រុងភ្នំពេញក្នុងគោលបំណងចង់បន្តរៀនសកល តែដោយមូលហេតុពិបាកមិនដឹងត្រូវជ្រើសរើសមុខជំនាញណាក្នុងការបន្ត លោកក៏សម្រេចចិត្តមិនចូលរៀនសាកលសិន ហើយបានចាប់យកការគូររូបដែលជាក្តីស្រមៃរបស់លោក។ ក្រោយមក លោកក៏ត្រូវបានក្រុមហ៊ុនមួយ ជ្រើសរើសឲ្យធ្វើជាបុគ្គលិកផ្នែក Digital Artist។

លោកបានបន្តថា «នៅពេលដែលខ្ញុំកំពុងតែចូលចិត្តរចនាតួរអង្គ ខ្ញុំក៏បានឃើញកម្មវិធី ប្រកួតរចនា Mascot ក្មេងគិតក្មេងគូរ ដែលជាកម្មវិធីដំបូងបំផុតក្នុងប្រទេសកម្ពុជាសម្រាប់ឲ្យ artist ជំនាន់នេះអាចបញ្ចេញសមត្ថភាព។ ស្របពេលហ្នឹងដែរខ្ញុំក៏ម្នាក់ក្នុងចំណោម artist ផ្សេងៗទៀតដែលបានដាក់ពាក្យប្រកួតផងដែរ។ ហើយខ្ញុំក៏បានចូលជា Top 50 បន្ទាប់មក Top 10, Top 5, Top 3 និងចុងក្រោយដោយសារតែសមត្ថភាពដែលខ្ញុំមាន បូករួមជាមួយនិងភាពច្នៃប្រឌិតខ្ពស់ ដោយគ្រប់យ៉ាងបានមកពីការប្រឹងប្រែង មិនមែនសំណាងខ្ញុំក៏បានក្លាយជាម្ចាស់ជ័យលាភីលេខ ១ ក្នុងកម្មវិធីនេះ»

គួរបញ្ជាក់ផងដែរថា កម្មវិធីក្មេងគិតក្មេងគូរ Look Beyond គឺជាកម្មវិធីដែលបើកឱកាសអោយអ្នកគំនូរ ធ្វើការបង្ហាញស្នាដៃ និងទេពកោសល្យសិល្បៈគំនូរបែបឌីជីថលលើការប្រកួតប្រជែងរចនា Mascot តំណាងអោយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ទៅកាន់មនុស្សគ្រប់គ្នា ជាមួយការច្នៃប្រឌិតថ្មី ហើយនិងទទួលបានរង្វាន់ជាទឹកប្រាក់ទៀតផងសរុបរហូតដល់ ៣២០០ ដុល្លារ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលបង្កើតឡើងដោយកូនខ្មែរ ស្ថិតក្រោមក្រុមហ៊ុន ជីប ម៉ុង រីថែល មិនមែនត្រឹមតែជាអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្ដល់ឱកាសទៅដល់យុវជនខ្មែរដែលមានសមត្ថភាព មកបង្ហាញចំណេះ,ជំនាញ និងទេពកោសល្យរបស់ខ្លួនថែមទៀតផង៕