(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតFWD Cambodia បានរៀបចំកម្មវិធី «សាទរជីវិតជាមួយ FWD Time to Play» នៅសណ្ឋាគារ Sun and Moon Riverside ដែលកម្មវិធីនេះទទួលបានការអញ្ជើញចូលរួមពីអតិថិជនគណៈគ្រប់គ្រងនិងក្រុមការងាររបស់ក្រុមហ៊ុន។
កម្មវិធីនេះប្រារព្ធឡើងដើម្បីបង្ហាញជូននូវយុទ្ធនាការទីផ្សារថ្មីមួយមានឈ្មោះថា FWD Time to Play ដែលកំពុងទទួលបានប្រជា ប្រិយភាពខ្លាំងនៅបណ្ដាទីផ្សារនានារបស់ក្រុមហ៊ុនFWDនៅក្នុងតំបន់អាស៊ី។ បន្ថែមពីការនាំយកយុទ្ធនាការនេះមកកម្ពុជាកម្មវិធី នេះក៏ជាវេទិកាសំខាន់មួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងស្វែងយល់បន្ថែមអំពីតម្រូវការនៃការការពារហិរញ្ញវត្ថុ ដែលក្រុមគ្រួសារកម្ពុជាត្រូវការផងដែរ ។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍បើកកម្មវិធីលោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បាន ថ្លែងអំណរគុណអតិថិជនដែលបានផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុន FWD Cambodia។

លោកបន្តថា «ខ្ញុំសូមជម្រាបជូនថា នេះទើបតែជាការចាប់ផ្ដើមរបស់យើងទេហើយយើងខ្ញុំមានចក្ខុវិស័យ វែងឆ្ងាយក្នុងការផ្ដល់ជូនការការពារ ដ៏ល្អបំផុតជូនដល់លោក លោកស្រី ក្រុមគ្រួសារព្រមទាំងកូនចៅជំនាន់ក្រោយ របស់លោក លោកស្រីផងដែរ ដូចដែលយើងបានធ្វើ ចំពោះអតិថិជនច្រើនជាង១៣លាននាក់ក្នុងតំបន់អាស៊ីទាំងមូល។»

លោក គង់ហ៊ុយ បានថ្លែងប្រាប់ផងដែរអំពីផែនការរបស់ក្រុមហ៊ុនក្នុងការផ្ដល់ជូននូវកម្មវិធីកាន់តែច្រើនបន្ថែមទៀតដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងឆ្នាំ២០២៤នេះ ដែលរួមមានដូចជា៖
• ការបង្កើតនូវផលិតផលដែលផ្ដល់ការការពារកាន់តែខ្ពស់ និង គុណប្រយោជន៍កាន់តែសម្បូរបែបស្របតាមតម្រូវការរបស់អតិថិជន
• ការបង្កើតកម្មវិធីរត់កម្សាន្ត ដើម្បីសុខភាព ដែលនឹងបើកឱ្យអតិថិជនចូលរួមដោយរីករាយ
• ការប្រគុំតន្ត្រី ដើម្បីអបអរខួប៣ឆ្នាំជាមួយនឹងឱកាសសម្រាប់អតិថិជនចូលរួម ផ្លាស់ប្ដូរបទពិសោធន៍និងធ្វើការបង្ហាញពីអាជីវកម្ម ឬ ផលិតផលដែលអតិថិជនមានទៅកាន់អតិថិជនផ្សេងទៀត ។

នៅក្នុងកម្មវិធីនេះដែរ កញ្ញា ទិន កញ្ញា នាយិកាគ្រប់គ្រងនាយកដ្ឋានទីផ្សារនៃក្រុមហ៊ុន FWD Cambodia បានចែករំលែកអំពី គោលបំណងនៃយុទ្ធនាការ FWD Time to Play ថា ៖ «យុទ្ធនាការ FWD Time to Playមាន គោលដៅជំរុញឱ្យយើងមានភាព ក្លាហាន ក្នុងការសម្រេចក្ដីស្រមៃដែលយើងមានដោយមិនរង់ចាំពេលណាឡើយ ពោលគឺនៅក្នុងថ្ងៃនេះតែម្ដង។ យើងចង់លើកទឹក ចិត្តឱ្យបុគ្គលគ្រប់រូបមានភាពក្លាហានចាប់យកក្ដីស្រមៃរបស់ខ្លួនដោយផ្តោតលើពេលវេលាសំខាន់ៗ ពីរ គឺ ពេលថ្ងៃរះ និងពេលថ្ងៃលិច ដើម្បីឱ្យបុគ្គលម្នាក់ៗអាចសម្រេចបាននូវក្ដីប្រាថ្នានិងរស់នៅ ប្រកបដោយភាព រីករាយជារៀងរាល់ថ្ងៃ»

ក្រុមហ៊ុន FWD Cambodia គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បែបឌីជីថល ដែលមានទស្សនវិស័យក្នុងការផ្ដល់ជូននូវបទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន និងក្រុមគ្រួសារកម្ពុជា។ ក្រុមហ៊ុនតែងរៀបចំកម្មវិធី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ជា មួយ អតិថិជនអមដោយបច្ចេកវិទ្យា ឌីជីថល ដែលសម្រួលដល់ការផ្ដល់សេវាកម្ម អតិថិជន និង គាំទ្រឲ្យអតិថិជនរស់នៅ ដោយភាព រីករាយ។

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនច្រើនជាង១៣ លាននាក់ក្នុងទីផ្សារចំនួន 10 ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ឆ្នាំ២០២៣ ជាខួបគម្រប់១០ ឆ្នាំរបស់ក្រុមហ៊ុន FWD ក្នុងតំបន់អាស៊ី។

នៅប្រទេសកម្ពុជា ក្រុមហ៊ុន FWD Cambodia ចាប់ផ្ដើមប្រតិបត្តិការជាផ្លូវ ការនៅខែកញ្ញា ឆ្នាំ ២០២១ ហើយទទួលបានពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតជាងគេបំផុត ដែលទទួលស្គាល់ដោយស្ថាប័ន Global Business Outlook នៅឆ្នាំ ២០២១ ព្រមទាំងពានរង្វាន់ជា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតថ្មីដែលរីកចម្រើនរហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា» ក្នុងឆ្នាំ២០២៣ ពី International Finance នៅចក្រភពអង់គ្លេស ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់www.fwd.com.kh។ (http://www.fwd.com.kh/) ៕