(ភ្នំពេញ)៖ ទីបំផុតកីឡាករដើមកំណើតជប៉ុន ដែលទើបទទួលបានសញ្ជាតិខ្មែរ Yudai Ogawa បានរកគ្រាប់បាល់ដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជាហើយ បន្ទាប់ពីរកបានគ្រាប់នាំមុខនៅនាទី២២ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅរាត្រីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សមាជិកក្លិបភ្នំពេញក្រោនរូបនេះ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសអំពីការចូលសញ្ជាតិខ្មែរជាផ្លូវការ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ បន្ទាប់មក ក៏ត្រូវបានកោះហៅចូលរួមជាមួយក្រុមគោព្រៃកម្ពុជាជាបន្ដបន្ទាប់ តែមិនធ្លាប់រកបានគ្រាប់បាល់នោះទេ។ ទើបតែរាត្រីថ្ងៃសុក្រនេះដែល Yudai Ogawa អាចរកគ្រាប់បាល់ដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជា ពោលគឺមានរយៈពេល ២៤៥ថ្ងៃ បន្ទាប់ពីគេចូលសញ្ជាតិ។

គួរដឹងថា ក្នុងជំនួបមិត្តភាពអន្ដរជាតិខាងលើ ជាបណ្ដោះអាសន្ន ក្រុមជម្រើសជាតិកម្ពុជា កំពុងនាំមុខក្រុមភ្ញៀវម៉ុងហ្គោលី ២-០ ក្រោយបញ្ចប់វគ្គទី១ គ្រាដែលគ្រាប់ទី២ របស់ក្រុមគោព្រៃ គឺធ្វើសម្រេចដោយកីឡាករ សារ ទី មកពីក្លិបវិសាខា នៅនាទី៣០៕