(ឡុងដ៍)៖ ក្រុមជម្រើសជាតិអង់គ្លេស បានរងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវអ៊ីស្លង់ ក្នុងកីឡដ្ឋាន Wembley នាយប់មិញនេះ ដែលជាថ្ងៃបិទបញ្ចប់ប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកំដៅសាច់ដុំ មុនទៅលេងពានអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឹម៉ង់។

បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា អង់គ្លេសស្ថិតក្រោមការបង្វឹកដោយលោក Gareth Southgate បានភ្លាត់ស្នៀតចាញ់ក្រុមដែលអត់មានកៅអីទៅ Euro លើកទី១៧ អ៊ីស្លង់ក្នុងចំណោម ២ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយក្នុងដី ២លើក ដោយបានឈ្នះបូស្នី ៣-០ នៅកីឡដ្ឋាន St. James’ Park មុនមកចាញ់អ៊ីស្លង់ ១-០ វិញ គ្រាដែលគូប្រជែងជាក្រុមមានលេខរៀងទី៧២ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកនាពេលបច្ចុប្បន្ន។

តាមរយៈលទ្ធផលនេះដែរ អ៊ីស្លង់បន្តឈ្នះទៅលើក្រុមរងជើងឯកកាលពី Euro 2020 អង់គ្លេសដូចដែលពួកគេធ្លាប់បាន ទម្លាក់ក្រុមតោកំណាចមួយនេះចេញពី Euro 2016 នៅបារាំងផងដែរ ក្រោយលេងឈ្នះ ២-១ នៃវគ្គ ១៦ក្រុមផងនោះ។

ក្រោយពីត្រូវបានក្រុមភ្ញៀវនាំមុខ ១គ្រាប់តាំងពីនាទីទី១២ មក លោក Southgate បានធ្វើការផ្លាស់ប្តូរកីឡាករមានដល់ទៅ ៦នាក់សម្រាប់វគ្គទី២ និងមានស្ថិតិស៊ុតសរុប ១០លើក និងចំគោលដៅតែ ១លើកប៉ុណ្ណោះ ក្នុងប្រកួត ៩០នាទីពេញ ដោយពុំអាចរកបានគ្រាប់បាល់ឡើយ៕