(តេអាវី)៖ អតីតខ្សែប្រយុទ្ធរបស់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់ គឺលោក Robbie Keane បានលាឈប់ដឹកនាំក្លិបអាជីព Maccabi Tel Aviv លេងក្នុងលីគកំពូលរបស់អ៊ីស្រាអែលជាផ្លូវការហើយ នៅមុនពេលផុតកិច្ចសន្យាដែលមានរយៈពេល ២ឆ្នាំ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា បុរសវ័យ ៤៣ឆ្នាំ Keane បានចុះកិច្ចសន្យា ២ឆ្នាំក្នុងការដឹកនាំ Maccabi Tel Aviv កាលពីខែមិថុនា ឆ្នាំ២០២៣ ដោយបានជួយពួកគេឡើងមកលេងក្នុងលីគកំពូល Premier League របស់អ៊ីស្រាអែលវិញផងដែរកាលខែឧសភា ឆ្នាំ២០២៤ និងឈានដល់វគ្គ ១៦ក្រុមនៃពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអឺរ៉ុប UEFA Europa Conference League រដូវកាលនេះថែមទៀតផង។

Keane បានមកដឹកនាំក្លិបនៅតំបន់មជ្ឈឹមបូព៌ា ស្របពេលដែលប្រទេសអ៊ីស្រាអែលបានផ្ទុះសង្រ្គាមនៅតំបន់កាហ្សារួចហើយ ដ្បិតបុរសដែលបានកើតនៅទីក្រុង Dublin មួយនេះបានលើកឡើងថា «លោកមិនចង់ពាក់ព័ន្ធនឹងរឿងនយោបាយទេ ហើយថាការមកធ្វើការនៅទីនេះ គឺដើម្បីតែបាល់ទាត់ប៉ុណ្ណោះ»

ដូចគ្នានោះដែរ បើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយជាសាធារណៈពីសំណាក់ក្លិប Maccabi Tel Aviv នៅលើគេហទំព័រក្លិបវិញបានបញ្ជាក់ថា «Keane បានចាកចេញពីតួនាទីនេះ គឺជាការសម្រេចចិត្តដ៏លំបាកបំផុត»