(ប៊ែកឡាំង)៖ ក្រុមជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ ដែលជាប្រទេសម្ចាស់ផ្ទះ Euro 2024 បានប្រកាសបញ្ជីឈ្មោះ កីឡាករ ២៦នាក់ចុងក្រោយផ្លូវការរបស់ពួកគេហើយ ក្នុងការប្រកួតប្រជែងយកពានប្រចាំទ្ធីបអឺរ៉ុប ជំនាន់ទី១៧ ដែលនឹងចាប់ផ្តើមនៅរាត្រីថ្ងៃសុក្រសប្តាហ៍ក្រោយ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា FFT នៅថ្ងៃនេះបានឱ្យដឹងថា ក្នុងចំណោមកីឡាករសរុប ២៦នាក់ដែលគ្រូបង្វឹកអាល្លឺម៉ង់ លោក Julian Nagelsmann កោះហៅនោះ គឺភាគច្រើនជ្រើសរើសចេញពីក្លិបលេងក្នុងស្រុកតែម្តង ដោយមានលាយឡំគ្នាតិចតួចមកពីក្លិបនៅអេស្ប៉ាញ និងអង់គ្លេសផងដែរ។

អាល្លឺម៉ង់ ដែលទទួលបានកៅអី Euro 2024 ដោយស្វ័យប្រវត្តិក្នុងនាមម្ចាស់ផ្ទះនោះ គឺត្រូវលេង ៣ប្រកួតប្រចាំពូល A ដោយត្រូវប៉ះស្កុតឡេន នៅថ្ងៃបើកឆាកនារាត្រីថ្ងៃទី១៤ ខែមិថុនា មុនពេលប៉ះហុងគ្រី ៥ថ្ងៃបន្ទាប់ និងចុងក្រោយជួបស្វីស ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុតាមពូលទាំង ២៤ក្រុមសរុប (ប្រទេស)។

ចំពោះលក្ខន្តិកៈនៃការប្រកួតសន្សំពិន្ទុក្នុងពូលវិញ គឺក្រុមលេខ១ និងលេខ២ ទទួលបានកៅអីឡើងទៅវគ្គ ១៦ក្រុម ខណៈលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីយកទៅបំពេញបន្ថែមសម្រាប់វគ្គ ១/៨ ដែរ៕