(ភ្នំពេញ)៖ ក្រុមហ៊ុន Asahi Group Foods ប្រទេសជប៉ុន និងក្រុមហ៊ុន VNK corporation Ltd បានរៀបចំកម្មវិធីគម្រប់ខួប១០ឆ្នាំ នៃវត្តមានម្សៅទឹកដោះគោ វ៉ាកូដុ លីប៊ីន នៅកម្ពុជា។ ពិធីនេះបានប្រព្រឹត្ដទៅនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប អ៊ីអន សែនសុខ និងនៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។

វ៉ាកូដុ ជាម៉ាកអាហារទារកលេខ១នៅប្រទេសជប៉ុន ហើយវ៉ាកូដុ ក៏មានផលិតផលជាច្រើន រួមទាំងម្សៅទឹកដោះគោទារក ដែលមានអាយុកាល១១៨ឆ្នាំ នៅប្រទេសជប៉ុន។ ចំពោះវត្តមានរយៈពេល១០ឆ្នាំ នៅក្នុងទីផ្សាកម្ពុជា ជាមួយនឹងគុណភាពខ្ពស់លំដាប់លេខ១ ពីប្រទេសជប៉ុននេះ ម្សៅទឹកដោះគោ វ៉ាកូដុ គឺទទួលបានការគាំទ្រ និងទំនុកចិត្តខ្ពស់ពីមាតាបិតានៅកម្ពុជា ដែលធ្វើឱ្យការលក់មានការកើនឡើងគួរឱ្យកត់សម្គាល់។

WAKODO ជាក្រុមហ៊ុនឯកទេសផលិតអាហារទារក និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានផលិតម្សៅទឹកដោះគោសម្រាប់ទារកនៅក្នុងប្រទេសជប៉ុន ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាលជាង១១៨ឆ្នាំមកហើយ។ វ៉ាកូដុ បានបន្តព្យាយាមឥតឈប់ឈរ ក្នុងការស្រាវជ្រាវបង្កើននូវគុណភាពម្សៅទឹកដោះគោ ពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានកាន់តែប្រសើរ ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ទៅតាមជំនាន់នីមួយៗ ដើម្បីធ្វើយ៉ាងណាឱ្យម្សៅទឹកដោះគោ វ៉ាកូដុ កាន់តែល្អប្រសើរឡើង និងកាន់តែស្រដៀងខ្លាំងទៅនឹងទឹកដោះម្តាយ។

លោក Takeuchi Takeshi ប្រធានផ្នែកលក់អន្តរជាតិ ពីប្រទេសជប៉ុន បានថ្លែងឱ្យដឹងថា វ៉ាកូដុ ត្រូវបានបង្កើតឡើងកាលពី ១១៨ឆ្នាំមុន ហើយជាក្រុមហ៊ុនផលិតដំបូងគេនៅក្នុងប្រទេសជប៉ុន ដែលលក់ម្សៅទឹកដោះគោ ព្រមទាំងអាហារទារក។ លោកបានថ្លែងបន្ដថា តាមរយៈការផ្តល់ជូននូវផលិតផលដែលក្រុមហ៊ុនបានខិតខំស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជាង១០០ឆ្នាំមកនេះ ក៏ដូចជាការផ្តល់ជូននូវវិធីសាស្រ្តចិញ្ចឹមកូនរបស់ជប៉ុន។

«យើងខ្ញុំសង្ឃឹមថាអាចរួមចំណែកជួយឱ្យមាតាបិតាទទួលបាននូវបទពិសោធន៍កាន់តែរីករាយក្នុងការចិញ្ចឹមកូននៅកម្ពុជា និងធ្វើឱ្យកុមារប្រកបដោយសុខភាពល្អ។ ដោយបានឃើញមាតាបិតារីករាយ កុមារកម្ពុជាលូតលាស់ប្រកបដោយសុខភាពរឹងមាំបរិបូរណ៌ យើងខ្ញុំប្តេជ្ញាចិត្តនឹងបន្តស្រាវជ្រាវធ្វើឱ្យផលិតផលកាន់តែប្រសើរឡើងពីមួយជំនាន់ទៅមួយជំនាន់ ក៏ដូចជាបន្តចូលរួមចំណែកក្នុងការប្រកៀកស្មាជាមួយមាតាបិតា ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារកម្ពុជាឱ្យមានសុខភាពល្អ»

លោក Takeuchi Takeshi បានលើកឡើងទៀតថា កាលពី១០ឆ្នាំមុន នៅពេលដែលក្រុមហ៊ុនបានចាប់ផ្តើមចូលមកប្រទេសកម្ពុជាជាលើកដំបូង មានមនុស្សតិចណាស់ដែលស្គាល់ Wakodo។ ប៉ុន្តែបច្ចុប្បន្ន មានអតិថិជនច្រើនណាស់ដែលបានស្គាល់ និងកំពុងប្រើប្រាស់ ប្រេន Wakodoនេះ។ មាតាបិតាជាច្រើនក៏បានចូលរួមសិក្ខាសាលាស្តីពីការថែទាំកុមារ និងទារក និងបានស្នើសុំការប្រឹក្សាពីការថែទាំសុខភាពទារក ដោយសារប៉ាម៉ាក់តែងតែចង់ផ្តល់ជូននូវអ្វីដែលល្អបំផុតសម្រាប់កូន។ «យើងខ្ញុំពិតជាអរគុណចំពោះប្រជាជនកម្ពុជា ដែលស្វាគមន៍នូវសកម្មភាពរបស់យើងខ្ញុំ»។

នៅប្រទេសជប៉ុន មានការគាំទ្រយ៉ាងច្រើនពីមាតាបិតាជប៉ុន ដែលធ្វើឱ្យវ៉ាកូដុ ទទួលបានចំណែកទីផ្សារលេខ១ អស់រយៈពេល២១ឆ្នាំជាប់គ្នា លើចំណែកទីផ្សារអាហារកុមារនៅប្រទេសជប៉ុន។ ចំណែកឯប្រទេសកម្ពុជាវិញ ឃើញថាមានសន្ទុះនៃការកើនឡើងនៃការលក់គួរឱ្យកត់សំគាល់។ «ខ្ញុំបាទគិតថាកត្តាដែលធ្វើឱ្យវ៉ាកូដុ ជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីនេះ គឺដោយសារតែគុណភាពដ៏ល្អរបស់ផលិតផល សេវាកម្មប្រកបដោយការយកចិត្តទុក និងការធ្វើការចេញពីបេះដូងរបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុនជាដៃគូ វីអិនខេ ជាពិសេសភាពជោគជ័យនេះ គឺដោយសារការកើនឡើងនៃការយល់ដឹងរបស់មាតាបិតាកម្ពុជា ដោយធ្វើការជ្រើសរើសម្សៅទឹកដោះគោ ផ្អែកសំខាន់លើគុណភាព ប្រវត្តិក្រុមហ៊ុន រូបមន្តធាតុផ្សំ ។ល។ ក្នុងឱកាសនេះដែរ តំណាងឱ្យវ៉ាកូដុជប៉ុន យើងខ្ញុំសូមថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រពីសំណាក់អតិថិជនទាំងអស់។ ក្រុមហ៊ុននៅតែបន្តទស្សនវិស័យរបស់យើងជាង ១០០ឆ្នាំមកនេះ ដោយយកសុខុមាលភាពទារកជាអាទិភាពទី១»។
នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក Takeuchi Takeshi ។

ចំណែកលោកស្រី Masuda Sachiko អ្នកឯកទេសអាហារូបត្ថម្ភជប៉ុន បានលើកឡើងថា យោងលើទស្សនវិស័យជាង ១០០ឆ្នាំ របស់ Wakodo ដែលជាក្រុមហ៊ុនផលិតម្សៅទឹកដោះគោដំបូងគេនៅប្រទេសជប៉ុន និងយកសុខភាពទារកជាអាទិភាពទី១ ក្រៅពីការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ ស័ក្ដសមសម្រាប់កុមារនិងទារក ព្រមទាំងអ្នកម្តាយ វ៉ាកូដុបានរៀបចំសិក្ខាសាលា និងផ្តល់ការប្រឹក្សាយោបល់តាមរយៈកម្មវិធីសិក្ខាសាលា អំពីអាហារូបត្ថម្ភអំឡុងពេលមានផ្ទៃពោះ និងអាហារូបត្ថម្ភសម្រាប់ទារក។

«ក្នុងនាមជាអ្នកជំនាញអាហារូបត្ថម្ភមួយរូប ខ្ញុំពិតជាមានសេចក្តីត្រេកអរខ្លាំងណាស់ ដែលឃើញប៉ាម៉ាក់ជាច្រើនបានចូលរួម នេះបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាតម្ហែទាំសុខភាពទារក និងកុមារ។ ខ្ញុំសូមអរគុណប៉ាម៉ាក់ទាំងអស់ដែលតែងតែគាំទ្រ បេសកកម្មរបស់ វ៉ាកូដុ រហូតមក។ យើងខ្ញុំបេ្តជ្ញាចិត្តនឹងបន្តសកម្មភាពនេះ ដើម្បីឲ្យប៉ាម៉ាក់ថ្មីៗមានឱកាស ស្វែងយល់អំពីអាហារូបត្ថម្ភកាន់តែច្រើន។

លើសពីនោះ ខ្ញុំពិតជារំភើប និងអរគុណយ៉ាងខ្លាំងចំពោះមាតាបិតាកម្ពុជា។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ពួកគាត់ជឿជាក់លើខ្ញុំ ហើយបានចូលរួមសិក្ខាសាលាជាច្រើនរបស់ខ្ញុំ។ តាមរយៈការគាំទ្ររបស់ពួកគាត់ ក៏ដូចជាការទទួលបាននូវសំណួរយ៉ាងច្រើនពីប៉ាម៉ាក់ ខ្ញុំមានសេចក្តីរំភើបចំពោះការយកចិត្តទុកដាក់មកលើសុខភាពកូនរបស់ប៉ាម៉ាក់ ពួកគាត់ពិតជាប៉ាម៉ាក់ដ៏អស្ចារ្យ។ សូមអរគុណចំពោះការគាំទ្រឥតឈប់ឈររបស់ពួកគាត់។ ខ្ញុំនឹងបន្តផ្តល់ព័ត៌មាន ដែលនឹងជួយមាតាបិតាខ្មែរ ឱ្យរីករាយនឹងការចិញ្ចឹមកូន និងធ្វើយ៉ាងណាឱ្យកូនៗមានសុខភាពល្អ»។

ក្នុងឳកាសនោះដែរលោកស្រី លឹម ពិសី តំណាងក្រុមហ៊ុន វីអិនខេ ដែលជាអ្នកនាំចូលនិងចែកចាយផលិតផលវ៉ាកូដុ ផ្តាច់មុខនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ទៅកាន់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលជាអ្នកប្រើប្រាស់វ៉ាកូដុទាំងអស់ ក្នុងឱកាសខួប១០ឆ្នាំនៃវ៉ាកូដុនៅកម្ពុជាថា សូមអរគុណវ៉ាកូដុដែលបានសម្រេចចិត្តចូលមកកម្ពុជា និងសូមអរគុណប៉ាម៉ាក់សម្រាប់ការគាំទ្រ និងជឿជាក់មកលើគុណភាពម្សៅទឹកដោះគោវ៉ាកូដុ តាំងពីថ្ងៃដំបូងដែលបានឈានចូលប្រទេសកម្ពុជា និងទទួលបានការទទួលស្គាល់ និងជឿជាក់កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

«ដូច្នេះក្នុងឱកាសខួប១០ឆ្នាំនៃវ៉ាកូដុនៅកម្ពុជា និងគម្រប់១១៨ឆ្នាំនៅប្រទេសជប៉ុន ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលក្រុមហ៊ុនបាននាំយកនូវផលិតផលដែលមានគុណភាពខ្ពស់ ប្រកបដោយស្តង់ដាអន្តរជាតិ និងជាក្រុមហ៊ុនដែលយកសុខភាពមាតា និងទារកជាអាទិភាពចម្បង ដែលធ្វើឱ្យវ៉ាកូដុ អាចឈរជើងលើទីផ្សារអស់រយៈពេលជាង១០០ឆ្នាំមកនេះ ដោយមិនធ្លាប់មានបញ្ហា ឬធ្លាប់បានប្រមូលចូលវិញសូម្បីតែម្តង។ នេះស្តែងបញ្ជាក់ពីភាពហ្មត់ចត់ ច្បាប់ដ៏តឹងរឹងក្នុងការផលិត និងប្រព័ន្ធគ្រប់គ្រងគុណភាពយ៉ាងល្អឥតខ្ចោះរបស់វ៉ាកូដុជប៉ុន។ ខ្ញុំមិនមានអ្វីក្រៅពីមោទនភាពនិងសប្បាយចិត្ត ពោរពេញដោយក្តីសង្ឃឹមជាមួយមាតាបិតានិងកុមារកម្ពុជា ដែលយើងអាចមានឱកាសបានប្រើប្រាស់ផលិតផលដ៏ល្អនេះ ដើម្បីឱ្យកុមារអាចរីកលូតលាស់ប្រកបដោយសុខភាពល្អ កា្លយជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់កម្ពុជានាពេលអនាគត»។

លោកស្រីបន្តថា នេះជាមូលហេតុ ដែលមាតាបិតាបច្ចុប្បន្នសម្រេចជ្រើសរើស នូវម្សៅទឹកដោះគោដែលមានគុណភាពខ្ពស់ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឱ្យកូនៗទទួលបាននូវអ្វីដែលប្រសើរបំផុតសម្រាប់ជិវិត ដើម្បីឱ្យពួកគាត់មានមូលដ្ឋានគ្រឹះនៃសុខភាពល្អតាំងពីតូច រហូតដល់ការចម្រើនវ័យពេញវ័យ៕