(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សាអាមេរិក Microsoft បាននិយាយថា មុខងារបញ្ញាសិប្បនិមិត្ត AI នៅលើកុំព្យូទ័រជំនាន់ថ្មី ដែលអាចចាប់យករូបថតអេក្រង់ (Screenshot) និងមានសមត្ថភាពបើកការស្វែងរកសកម្មភាពនានារបស់អ្នកប្រើប្រាស់ នឹងបិទចោលតែម្តង បន្ទាប់ពីអ្នកស្រាវជ្រាវសន្តិសុខ អះអាងថាមុខងារនេះអាចជាផ្លូវសម្រាប់ Hacker លួចចូលទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ០២៤។

មុខងារនេះមានឈ្មោះថា Recall គឺមានសមត្ថភាពចម្បងមួយ ដែលក្រុមហ៊ុន Microsoft បានបង្ហាញក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីខែមុន សម្រាប់កុំព្យូទ័រ Copilot+ របស់ខ្លួនដែលនឹងមកដល់ជាមួយនឹងមុខងារ AI ជាច្រើន។ លោក Pavan Davuluri ប្រធានផ្នែកឧបករណ៍ Windows និង Surface របស់ Microsoft បានសរសេរនៅក្នុងប្លុកមួយកាលពីថ្ងៃសុក្រកន្លងទៅនេះថា «ប្រសិនបើអ្នកមិនជ្រើសរើសបើកវាទេ វានឹងបិទតាមលំនាំដើម (បិទដោយស្វ័យប្រវត្តិ) តែម្តង»

ក្រោយមានបញ្ហានេះ Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានណែនាំបុគ្គលិកឱ្យគិតគូពីសន្តិសុខជាចម្បង ហើយបានប្រកាសពីការផ្លាស់ប្តូរ ចំពោះការអនុវត្តគោលការណ៍សុវត្ថិភាពរបស់ខ្លួន បន្ទាប់ពីរបាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ក្រៅពីនេះ Microsoft កំពុងតែបន្ថែមការការពារសុវត្ថិភាពដល់មុខងារ Recall ឲ្យកាន់តែខ្លាំងជាងមុន នៅពេលដែលកុំព្យូទ័រ Copilot+ អាចប្រើបាននៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ។

គួរជម្រាបថា ក្រុមហ៊ុន Microsoft បាននឹងកំពុងព្យាយាមយ៉ាងខ្លាំងក្នុងការប្រកួតប្រជែងលើវិស័យ AI នេះ ខណៈក្រុមហ៊ុននេះកំពុងឈានទៅដាក់បញ្ចូលឧបករណ៍ AI ជំនាន់ថ្មី ទៅក្នុងផលិតផលជំនាន់ចុងក្រោយរបស់ខ្លួន និងដើម្បីបន្តការប្រកួតប្រជែង។ យ៉ាងណាក៏ដោយ ខណៈពេលដែលទីផ្សារកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ភាពឯកជន និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក៏មានសារសំខាន់ដងដែរ៕