(បរទេស)៖ នៅសល់រយៈតែពីរថ្ងៃទៀតតែប៉ុណ្ណោះ Apple នឹងរៀបចំព្រឹត្តិការណ៍សន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក (WWDC) ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន។ ដំណាលគ្នានេះ លោក Mark Gurman មកពី Bloomberg បានត្រឡប់មកវិញជាមួយនឹងពាក្យចចាមអារ៉ាមថ្មីបង្ហាញថា Apple គ្រោងនឹងណែនាំកម្មវិធីគ្រប់គ្រង Passwords ផ្ទាល់ខ្លួនថ្មីមួយ ហើយនឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រព័ន្ធប្រតិបត្តិការ iPadOS, macOS, VisionOS និង Windows។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។

កម្មវិធី Passwords ឬ Apple Passwords នេះនឹងក្លាយជាកម្មវិធី/ វេទិកាដាច់ដោយឡែករបស់ Apple ខណៈបច្ចុប្បន្ននេះគឺ Apple ប្រើប្រាស់នៅលើ iCloud Keychain សម្រាប់ការគ្រប់គ្រងពាក្យសម្ងាត់ និងព័ត៌មានគណនីរវាងឧបករណ៍ផ្សេងៗ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីការកំណត់ (settings app) ឬបង្ហាញនៅពេលអ្នកប្រើប្រាស់ចូលគេហទំព័រណាមួយ។ ទន្ទឹមនឹងនេះ កម្មវិធីថ្មីនេះ នឹងក្លាយជាដៃគូប្រកួតប្រជែងដោយផ្ទាល់ចំពោះសេវាកម្មគ្រប់គ្រងពាក្យសម្ងាត់ដូចជា LastPass និង 1Password ដែលជាកម្មវិធីប្រើសម្រាប់កំណត់លេខកូដនាពេលបច្ចុប្បន្ន។

របាយការណ៍ពី Bloomberg ដដែលបានរាយការណ៍ថា Apple Passwords នឹងផ្តល់ជូននូវប្រភេទផ្សេងគ្នាសម្រាប់គណនី លេខសម្ងាត់ និងបណ្តាញ Wi-Fi។ ជាងនេះទៅទៀត វាក៏នឹងធ្វើសមកាលកម្មនៅលើឧបករណ៍នានា និងមានសមត្ថភាពបំពេញដោយស្វ័យប្រវត្តិ និងបង្កើតពាក្យសម្ងាត់ថ្មីនៅពេលចុះឈ្មោះសម្រាប់ប្រើប្រាស់នៅលើ platform ណាមួយផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Apple Passwords ថែមទាំងមានពាក្យចចាមអារ៉ាមថា នឹងផ្តល់ជូននូវលេខកូដផ្ទៀងផ្ទាត់ដូចជា Google Authenticator និងមានសមត្ថភាពក្នុងការនាំចូលពាក្យសម្ងាត់ពីវេទិកាគ្រប់គ្រងពាក្យសម្ងាត់ផ្សេងទៀត។ ដូច្នេះ ដើម្បីដឹងពីព័ត៌មានលម្អិតផ្សេងទៀត សូមរង់ចាំតាមដានព្រឹត្តិការណ៍ WWDC នៅថ្ងៃទី១០ ខែមិថុនា សប្តាហ៍ក្រោយនេះ៕