(បរទេស)៖ របាយការណ៍ថ្មីពី Canalys បានបង្ហាញថា ទីផ្សារស្មាតហ្វូននៅអឺរ៉ុបមានការរីកចម្រើនជាវិជ្ជមាននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ ជាមួយនឹងស្មាតហ្វូននាំចេញសរុបចំនួន ៣៣.១លានគ្រឿងត្រូវបានដឹកជញ្ជូនទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ប្រភពបានឱ្យដឹងថា នេះគឺត្រីមាសដំបូងហើយក្នុងទីផ្សារស្មាតហ្វូនអឺរ៉ុប ដែលឃើញមានការកើនឡើងការលក់គួរឱ្យកត់សម្គាល់ ខណៈទីផ្សារនេះបានប្រឈមមុខនឹងការធ្លាក់ចុះចំនួន ១២ត្រីមាសជាប់ៗគ្នានៃការនាំចេញស្មាតហ្វូន។

ជាការពិតណាស់ បើយោងតាមទិន្នន័យថ្មីនេះបានបង្ហាញថា Samsung ឈរនៅលេខរៀងកំពូល ជាមួយនឹងចំនួននាំចេញសរុប ១២.១ លានគ្រឿង និងទទួលបានដល់ទៅ ៣៧ភាគរយ នៃចំណែកទីផ្សារសកល នៅត្រីមាសដំបូងនៃឆ្នាំ ២០២៤ ស្របនឹងពេលដែល Apple ឈរនៅលេខរៀងទី២ ជាមួយនឹងចំនួននាំចេញសរុប ៧.៣លានគ្រឿង និងកាន់កាប់ចំណែកទីផ្សារ ២២ភាគរយ។ ដោយឡែកចំពោះចំណាត់ថ្នាក់បន្តបន្ទាប់បានទៅលើ Xiaomi ទទួលបានខ្ទង់ ១៦ភាគរយ, Motorola ខ្ទង់ ៦ភាគរយ, HONOR បានខ្ទង់ ៣ភាគរយ និងក្រុមហ៊ុនផ្សេងៗសរុបខ្ទង់ ១៦ភាគរយទៀត។

ចំពោះមូលហេតុដែលធ្វើឱ្យទីផ្សារអឺរ៉ុបទទួលបានកំណើនដ៏ច្រើនបែបនេះ គឺបានមកពីចំណែកកំណត់ត្រាខ្ពស់បំផុតនៃឧបករណ៍បុព្វលាភ ដែលមានតម្លៃខ្ពស់ជាង ឬប្រហែល ៨០០ដុល្លារ ដែលស្មើនឹង ៣២ភាគរយនៃការដឹកជញ្ជូនទាំងអស់។ ក្នុងនោះរួមមានស្មាតហ្វូនម៉ូដែល Samsung Galaxy S24, ត្រកូលស្មាតហ្វូនអេក្រង់បត់ រួមទាំង iPhone 15 Pro/ Pro Max ជាដើម។

ក្រៅពីនេះ ទិន្នន័យពីខាង Counterpoint Research ក៏បានចង្អុលបង្ហាញថា នឹងនៅតែមានកំណើន ១ភាគរយបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤នេះ៕