(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាល់បានី បានធ្វើដំណើរទៅដល់ប្រទេសអាល្លឺម៉ង់មុនគេនារសៀលថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ដើម្បីត្រៀមលក្ខណៈសម្បតិ្តប្រកួតជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 ដែលនឹងចាប់ផ្តើមផ្លូវការនាចុងសប្តាហ៍ក្រោយនេះ។

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា yahoo នៅថ្ងៃនេះបានឱ្យដឹងថា អាល់បានី ជាក្រុមដំបូងគេ ក្នុងចំណោម ២៣ក្រុមដែលត្រូវធ្វើដំណើរមកអាល្លឺម៉ង់ ជាទីដែលព្រឹត្តិការណ៍បាល់ទាត់ Euro 2024 ប្រកួតប្រជែងនៅទីនេះ។

យន្តហោះដែលដឹកក្រុមជម្រើសជាតិអាល់បានីនោះ បានចុះចតនៅអាកាសយានដ្ឋាន Dusseldorf ដោយមានការទទួលស្វាគមន៍ដោយជនរួមជាតិ និងក្មេងៗអាល់បានីប្រមាណ ៥០នាក់បានកាន់ទង់ជាតិ អមដោយការចម្រៀងស្វាគមន៍ទៀតផង។

គួរបញ្ជាក់ផងថា នេះជាលើកទី២ ផងដែរដែលអាល់បានីបានឈានដល់ជុំចុងក្រោយនៃពានរង្វាន់អឺរ៉ុប European Championship ក្រោយបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៦ ដែលមានបារាំងធ្វើម្ចាស់ផ្ទះ។ ការលេងនៅ Euro ជំនាន់ទី១៧ នេះដែរ ពួកគេត្រូវតតាំងទល់នឹងក្រុមខ្លាំងៗមានដូចជា អេស្ប៉ាញ ក្រូអាត និងក្រុមការពារតំណែងជើងឯកអ៊ីតាលី ដែលស្ថិតក្នុងពូល B ជាមួយគ្នា៕