(កណ្តាល)៖ ក្នុងគោលបំណងលើកទឹកចិត្តដល់ប្អូនៗយុវជនជាកីឡាករ នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។

ការប្រកួតកីឡាបាល់ទាត់នៅព្រឹកថ្ងៃអាទិត្យនេះមាន ២ប្រកួត គឺក្រុមកីឡាយុវជនឃុំព្រះប្រសប់ ប្រកួតជាមួយក្រុមកីឡាយុវជនឃុំសន្លុង រីឯក្រុមកីឡាយុវជនឃុំស្វាយរមៀត ប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ។

ការប្រកួតនៅថ្ងៃអាទិត្យនេះ គឺជាសប្តាហ៍ទី៣ នៃកម្មវិធីប្រកួតកីឡាបាល់ទាត់យុវជន ដែលបានចាប់ផ្តើមបើកការប្រកួតនៅថ្ងៃទី២៥ ខែឧសភា ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤។

សូមរំលឹកថា ការរៀបចំឱ្យកម្មវិធីប្រកួតកីឡាយុវជនជារៀងរាល់ឆ្នាំនេះ គឺក្នុងគោលបំណង (១) លើកកម្ពស់វិស័យកីឡាឱ្យកាន់តែមានការីកចម្រើន, (២) បង្កើតឱ្យមានកម្មវិធីសប្បាយរីករាយ, (៣) ផ្តល់ឱកាសឱ្យយុវជនក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឱ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខគ្រប់ប្រភេទ, និង(៤) ផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពលសម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានឧបត្តម្ភភេសជ្ជៈមួយចំនួនដល់ក្រុមកីឡាករផងដែរ៕