(ភ្នំពេញ)៖ ដោយមានការផ្ដួចផ្ដើមគំនិតពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមពីក្រុមអត្តពលិកកីឡាបាល់ទះកម្ពុជា ដែលទើបដណ្ដើមបានជើងឯកពានរង្វាន់អន្ដរជាតិ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ កាលពីថ្មីៗ នៅថ្ងៃទី១០ ខែមិថុនានេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានដឹកនាំប្រតិភូកីឡាបាល់ទះកម្ពុជា នាំយកថវិកាចំនួន ៩,៩៩៩ដុល្លារ បរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ការបរិច្ចាគនេះ កើតឡើងក្រោមគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌របស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានប្រធានសហព័ន្ធ និងលោកជំទាវ ភ្ជាប់ជាមួយអត្តពលិកបាល់ទះកម្ពុជា ទើបទទួលបានជយាលភីពីកោះតៃវ៉ាន់ ពីការខំប្រឹងប្រែង និងលះបង់ញើសឈាមផ្ទាល់ ក្នុងការបែងចែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាមួយគោលបំណងតែមួយគត់ គឺការចង់ផ្សារភ្ជាប់កីឡា និងការងារមនុស្សធម៌ ។
លោកបន្ដថា «បន្ទាប់ពីការផ្ដួចផ្ដើមនេះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ពិសេសស្នងការរាជធានី-ខេត្តទាំង ២៥ លោកក៏បានបរិច្ចាគក្នុងមួយតំបន់ ១លានរៀលផងដែរ ។ អ៊ីចឹងយើងសរុបទិដ្ឋន័យ ដែលបាននាំយកមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាថ្ងៃនេះ គឺមានចំនួន ៩,៩៩៩ដុល្លារ ។ មិនមែនថា យើងគ្មានលទ្ធភាពក្នុងការកៀរគរឲ្យបានច្រើនជាងហ្នឹងទេ ប៉ុន្ដែវាជាដំណាក់កាល ជាជំហ៊ានបន្ដបន្ទាប់ ហើយក៏ជាសារមួយ ទៅដល់បងប្អូនជនរួមជាតិ ហេតុបានជា ៩,៩៩៩ដុល្លារ? គឺយើងនៅតែត្រូវការ ១ដុល្លារជានិច្ច ដើម្បីបង្គ្រប់បន្ថែម» ។
«តាមរយៈនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ អត្តពលិក ឬសប្បុរសជននានា ដែលគាត់មានចិត្ដសប្បុរសធម៌ អាចចូលរួម ១ដុល្លារក្ដី ២ដុល្លារក្ដី ឬតាមយុទ្ធនាការ ១ម៉ឺនរៀល សម្រាប់ ១ម៉ឺននាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទម៉ានី ហ៊ុន ម៉ាណែត ហើយខ្ញុំសង្ឃឹមថា យុទ្ធនាការមួយនេះ នឹងជួយទ្រទ្រង់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា ក្លាយជាមន្ទីរពេទ្យមួយ ដែលអាចមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្ដនិរន្ដរភាពក្នុងការព្យាបាល និងជួយសង្គ្រោះកុមារកម្ពុជារបស់យើង» ។ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធខាងលើបន្ថែម ។
សូមរំឮកថា កាលពីថ្មីៗ ក្រុមបាល់ទះវិសាខា ដែលសម្បូរដោយធនធានកីឡាករជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតពានរង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ ដែលមានបេក្ខភាព ៨ក្រុម មកពី ៧ប្រទេសចូលរួម ។ ជាលទ្ធផលក្រុមតំណាងកម្ពុជានេះ ធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានជើងឯកជូនជាតិមាតុភូមិ បន្ទាប់ពីយកឈ្នះក្រុមខ្លាំងៗជាច្រើន ពិសេសការវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Win Streak វិញ ដោយលទ្ធផល ៣-១ (សិត) ក្នុងវគ្គផ្ដាច់ព្រ័ត្រ ៕