(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចគោលដៅដណ្ដើមពាន ទាំងការប្រកួតជើងឯកអាស៊ី Jet Ski Asian Championships និងពានរង្វាន់កម្រិតពិភពលោក Jet Ski World Series ជូនប្រទេសកម្ពុជាឲ្យបាន ក្នុងបេសកកម្មឆ្នាំ២០២៤ នេះ ។

នេះបើតាមការលើកឡើងរបស់វីរៈកីឡាករ សាលី អូមើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្រុមម៉ូតូទឹកកម្ពុជា ក្រោយដឹកនាំប្រតិភូ និងសិស្សប្អូនត្រឡប់មកដល់មាតុភូមិវិញ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធ ក្រោយបញ្ចប់ការប្រកួត Asian Championships ជុំទី១ នៅប្រទេសជប៉ុន កាលពីថ្មីៗ ដោយដណ្ដើមបានមេដាយសរុប ៥គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១) ។

អូមើត បានលើកឡើងថា បេសកកម្មកម្រិតទ្វីបនេះ ក្រុមម៉ូតូទឹកកម្ពុជា ធ្វើបានលទ្ធផលដ៏ល្អប្រសើរ ទោះបីមានឧបសគ្គខ្លះៗលើបញ្ហាបច្ចេកទេស នៃម៉ាស៊ីនម៉ូតូទឹកក្ដី ។ ការគូសបញ្ជាក់បែបនេះ ដ្បិតកម្ពុជា បានបញ្ជូនកីឡាករតិចជាងគេចូលរួមប្រកួត ស្របពេលម្ចាស់ផ្ទះជប៉ុន ដែលសម្បូរដោយធនធានកីឡាករល្អៗជាច្រើន បានចូលរួមពេញស្ទើរគ្រប់វិញ្ញាសា ។ ការណ៍នេះ នាំឲ្យកីឡាករកម្ពុជា ត្រូវឆ្លងកាត់ការប្រកួតជម្រុះជាច្រើន ទម្រាំទទួលបានមេដាយជូនជាតិ ។

យ៉ាងណាមិញចំពោះមុខ ប្រធានក្រុមម៉ូតូទឹកកម្ពុជាដដែល បានស្នើសុំការឧបត្ថម្ភម៉ូតូទឹកថ្មីពីលោក Henri Klauf ម្ចាស់ក្លិប Flamingo ដើម្បីជំរុញឲ្យកីឡាករកម្ពុជា កាន់តែមានឱកាសឆ្ពោះទៅដណ្ដើមលទ្ធផលកាន់តែល្អប្រសើរ ពិសេសសម្រេចគោលដៅដណ្ដើមពានជូនជាតិ ក្នុងការប្រកួតជើងឯកអាស៊ីជុំបន្ដ ក៏ដូចជាការប្រកួត Jet Ski World Series ជុំទី១ នៅប៉ូឡូញ នាខែកក្កដា, ជុំទី២ នៅអាមេរិក នាខែតុលា និងជុំទី៣ ដែលជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងស៊ីហ្គេម ឆ្នាំ២០២៣ ដដែលបានសង្កត់ធ្ងន់ថា «ឆ្នាំនេះ ខ្ញុំតាំងចិត្តមែនទែន ជាមួយក្រុមសិស្សប្អូនខ្ញុំ នឹងខំប្រឹងហ្វឹកហាត់ ក៏ដូចជាប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីលើកមុខមាត់ និងកិត្តិយសជូនប្រទេសជាតិរបស់យើង ពិសេសគឺខ្ញុំតាំងចិត្តដណ្ដើមពាន Asian Championships និងពានកម្រិតពិភពលោក World Series ដែលធ្វើឡើង ៣ទ្វីបមកជូនប្រទេសជាតិរបស់យើង ។ សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំតាំងចិត្ត នឹងខិតខំដណ្ដើមយកពានទាំងពីរមកប្រទេសកម្ពុជាឲ្យខានតែបាន»

សាលី អ៊ូមើត បន្ថែមទៀតថា ក្រៅពីការសម្រួចសមត្ថភាពឆ្ពោះទៅដណ្ដើមពានកម្រិតទ្វីប និងកម្រិតពិភពលោកជូនជាតិ លោកក៏នឹងព្យាយាមស្នើសុំម្ចាស់ក្លិប ដើម្បីបានចូលរួមការប្រកួតផ្សេងៗទៀត ក្នុងន័យសម្រួចសមត្ថភាពបច្ចេកទេសក្រុមកីឡាម៉ូតូទឹកកម្ពុជាឲ្យបានខ្លាំង ដើម្បីត្រៀមប្រជែងមេដាយកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ ។

គួរដឹងថា ការប្រកួតកីឡាម៉ូតូទឹក Asian Championships ឆ្នាំនេះ បែងចែកជា ២ជុំ ដោយជុំទី១ បានរៀបចំដាច់ដោយឡែកនៅប្រទេសជប៉ុន កាលពីសប្ដាហ៍មុន ដោយមានអត្តពលិក ១៧ប្រទេសចូលរួម ខណៈកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១ ។ ប៉ុន្ដែដើម្បីកំណត់ជើងឯកប្រចាំទ្វីបអាស៊ី គឺនៅសល់ការប្រកួត ១ជុំទៀត(ជុំទី២) ដែលនឹងត្រូវធ្វើការប្រកួតព្រមគ្នា ក្នុងការប្រកួត Jet Ski World Series ជុំទី៣ នៅប្រទេសថៃ ។

បន្ទាប់មកគណៈកម្មការរៀបចំ នឹងធ្វើការបូកពិន្ទុទាំង ២ជុំ (ជប៉ុន+ថៃ) ដើម្បីកំណត់កីឡាករ-កីឡាការិនីជយលាភីប្រចាំទ្វីបអាស៊ី ឬ Asian Championships ។ រីឯការប្រកួត Jet Ski World Series ឆ្នាំ២០២៤ វិញ នឹងប្រព្រឹត្តទៅ ៣ជុំ ស្មើនឹង ៣ទ្វីប ដោយផ្ដើមពីជុំទី១ នៅប៉ូឡូញ, ជុំទី២ នៅអាមេរិក និងជុំទី៣ នៅប្រទេសថៃ ហើយគណៈកម្មការនឹងធ្វើការបូកសរុបពិន្ទុការប្រកួតទាំង ៣ជុំនេះ ដើម្បីកំណត់កីឡាករ-កីឡាការិនីជយលាភីប្រចាំព្រឹត្តិការណ៍ម៉ូតូទឹកកម្រិតពិភពលោក ឬ Jet Ski World Series នេះតែម្ដង៕