(កំពង់ឆ្នាំង)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបោះជំហានទៅមុខដ៏សំខាន់មួយទៀត ជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួន ស្ថិតនៅចំកណ្តាលក្រុងកំពង់ឆ្នាំងតែម្តង។ យុទ្ធសាស្ត្រនៃការពង្រីកខ្លួននេះ គឺនាំមកនូវសេវាធនាគារដ៏សម្បូរបែប ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់អំណាច និងគាំទ្រទៅដល់សហគមន៍ តាមរយៈការរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរបន្ថែមទៀត។

ពិធីបើកសម្ពោធ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៤​នេះ ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក ឈាង តុលា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងរបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា, ព្រមទាំងលោកបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ពិធីនេះក៏មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងឧកញ៉ា គិត ស៊ូឡា ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញការកើតសរសើរចំពោះធនាគារ វីង ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីសាធារណជន និងបានពង្រីកខ្លួនជាបន្តបន្ទាប់។ លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាដំណោះស្រាយ ក៏ដូចជាឆ្លើយតបនឹងតម្រូវការផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ»

លោក ឈាង តុលា នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងរបស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់។ លោក ឈាង តុលា បានថ្លែងថា «សាខាថ្មីរបស់ធនាគារ វីង បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពរីកចម្រើន ដោយបានបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ សម្បូរបែបបន្ថែមទៀត និងបានពង្រីកខ្លួនដល់ក្រុងកំពង់ឆ្នាំង សំដៅបង្ខិតសេវាហិរញ្ញវត្ថុជូនដល់សាធារណជន»

ដោយមានទីតាំងចម្ងាយត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលវិមានឯករាជ្យនៃក្រុងកំពង់ឆ្នាំង សាខាថ្មីរបស់ធនាគារ វីង ងាយស្រួលរកសម្រាប់អតិថិជនអញ្ជើញទៅទទួលសេវាហិរញ្ញវត្ថុ និងផលិតផលធនាគារជាច្រើន។
លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយសារតែធនាគារ វីង នឹងចាប់ផ្តើមរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍខេត្តកំពង់ឆ្នាំង តាមរយៈការដាក់ឱ្យដំណើរការសាខាធនាគារ ដ៏ទំនើបរបស់យើងនៅទីនេះ»

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ធនាគារ វីង បានបោះជំហានឈានមុខគេក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា អស់រយៈពេលជិត១៦ឆ្នាំមកនេះ។ លោក ហាន ប៉េងក្វាង បានបន្ថែមថា «យើងខ្ញុំបានប្តេជ្ញាចិត្តក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់សេវាធនាគារយ៉ាងពេញលេញ ដែលផ្តល់សិទ្ធអំណាចដល់សហគមន៍ ដោយអនុញ្ញាតឱ្យពួកគាត់ងាយស្រួល ក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានា សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ យើងរួមគ្នាដើម្បីកសាងអនាគតមួយដែលពលរដ្ឋគ្រប់រូបអាចរីកចម្រើន និងរុងរឿងបាន»។

សាខាថ្មីនេះផ្តល់ជូនសេវាកម្មធនាគារសម្បូរបែប ដោយបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល ដើម្បីធានាថាអតិថិជនងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុនានា។ សេវាកម្មទាំងនេះរួមមាន ប្រាក់បញ្ញើ, ប្រាក់កម្ចី, ធានារ៉ាប់រង, ផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ, ទូទាត់វិក្កយបត្រ, ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ព្រមទាំងមានសេវាកម្មជាច្រើនទៀត។ ខណៈដែលកំពុងរង់ចាំធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ អតិថិជនអាចរីករាយជាមួយកន្លែងរង់ចាំដ៏មានផាសុកភាព និងទំនើបបំផុត ហើយក៏អាចរីករាយទទួលទានកាហ្វេ និងទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ពីហាង Coffee Hub ដែលមានទីតាំងនៅខាងក្នុងសាខាតែម្តង។

ថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីរបស់ធនាគារ វីង ឧកញ៉ា គិត ស៊ូឡា បានលើកឡើងថា «ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការគាំទ្រចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ក្នុងការធ្វើពិពិធកម្ម និងលើកកម្ពស់ផលប័ត្រឌីជីថលរបស់ខ្លួន។ ការរួមបញ្ចូលគ្នានៃសេវាកម្មតាមឌីជីថល និងនៅតាមទីតាំងនានារបស់ខ្លួន បានជំរុញឱ្យធនាគារ វីង អាចបង្កើនភាពប្រកួតបប្រជែងរបស់ខ្លួនកាន់តែខ្លាំងជាងមុន ហើយនេះក៏ជាមោទនភាពមួយសម្រាប់រ៉ូយ៉ាល់គ្រុបផងដែរ»

ឧកញ៉ា គិត ស៊ូឡា បានបន្ថែមថា «រូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលឃើញសមាជិករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានការរីកចម្រើន និងបានប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីគាំទ្រសហគមន៍នានា។ វាជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែរបស់ធនាគារ វីង ហើយក៏ជាតម្លៃរួមមួយ ដែលពួកយើងប្រកាន់ខ្ជាប់ផងដែរ»។ ដោយមានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក ភ្នាក់ងារវីង ១១.០០០ទីតាំង ដៃគូអាជីវកម្មប្រមាណ ១៦៥.០០០ ព្រមទាំងមានអតិថិជនប្រើប្រាស់ជាង ១៤,៥លានគណនី ធនាគារ វីង បានក្លាយជាធនាគារឌីជីថលរីកចម្រើន យ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential (Cambodia) Life Assurance, ក្រុមហ៊ុន UnionPay, ក្រុមហ៊ុនវីសា, ក្រុមហ៊ុនម៉ាស្ទ័រកាត, ក្រុមហ៊ុន Alipay, ក្រុមហ៊ុន WeChat, ក្រុមហ៊ុន MoneyGram, ក្រុមហ៊ុន Western Union, ក្រុមហ៊ុន Ria និងក្រុមហ៊ុន Oracle ជាដើម បានជួយបង្កើនការប្តេជ្ញាចិត្តរបស់ធនាគារ វីង មួយកម្រិតបន្ថែមទៀត ក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុមួយ ដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន។

សាខាថ្មីរបស់ធនាគារ វីង ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញភាពរីកចម្រើននៅក្នុងសហគមន៍ ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលប្រើប្រាស់ ដែលនឹងជួយជំរុញខេត្តនេះ ឆ្ពោះទៅរកអនាគតដ៏រុងរឿង៕