(ឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគអាជីពដ៏មានប្រជាប្រិយភាព Premier League របស់អង់គ្លេស បានឈរនៅចំណាត់ថ្នាក់លេខ១ ដែលមានកីឡាករទៅលេងនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់ច្រើនជាងគេ។ នេះបើយោងតាមប្រភពពី Channel Telegram របស់ Euro 2024។

ក្នុងចំណោមទាំង ២៤ប្រទេស (ក្រុម) ដែលបានឈានមកដល់ជុំចុងក្រោយនៅពាន Euro លើកទី១៧ ភាគច្រើនបំផុតនោះ គឺបានកោះហៅកីឡាករដែលកំពុងប្រកបអាជីពនៅ Premier League បច្ចុប្បន្ន ដើម្បីបំពេញកាតព្វកិច្ចក្នុងក្រុមជម្រើសជាតិពួកគេ ដែលមានសរុបដល់ទៅ ៩៦នាក់ តាមពីក្រោយដោយលីគ Serie A របស់ប្រទេសអ៊ីតាលីមាន ៩១នាក់ និង Bundesliga របស់អាល្លឺម៉ង់មាន ៧៥នាក់។

សូមបញ្ជាក់ផងថា កីឡាករសរុបមានដល់ទៅ ៦២៤នាក់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រកួតប្រជែង ១ខែពេញ ដើម្បីយកពាន Euro 2024 ដែលមាន ៦ពូល នៅពេលលេខ១ និងលេខ២ ប្រចាំពូលនីមួយៗ ឈ្នះកៅអីឡើងទៅវគ្គ ១៦ក្រុម ដ្បិតលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើសក្នុងការបំពេញកៅអីវគ្គ ១/៨ ដែរ។

អាសូរីអ៊ីតាលី ជាក្រុមការពារតំណែងជើងឯកចាស់ បានស្ថិតក្នុងពូល B ជាមួយអាល់បានី ក្រូអាត និងអេស្ប៉ាញ គ្រាដែលជើងឯករង តោកំណាចអង់គ្លេស ស្ថិតក្នុងពូល C ជាមួយដាណឺម៉ាក ស៊ែប៊ី និងស្លូវេនី៕