(ម៉ូនិច)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នឹងផ្តល់ការគោរពជាកិត្តិយសដល់លោក Frank Beckenbauer ដែលជាអតីតវីរបុរសរបស់អាល្លឺម៉ង់ ក្នុងពិធីបើកព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2024 នាយប់ថ្ងៃសុក្រ ទី១៤ ខែមិថុនានេះ។

ប្រភពព័ត៌មានពី Reuters ដែលបានដកស្រង់សេចក្តីថ្លែងការណ៍របស់ UEFA បានឱ្យដឹងថា លោក Frank Beckenbauer ត្រូវបានសហព័ន្ធខាងលើនឹងផ្តល់ការគោរពជាកិត្តិយសដល់លោកក្នុងពិធីបើក Euro លើកទី១៧ នាយប់នេះ ដែលត្រូវធ្វើឡើងនៅ Munich Football Arena នៅរាត្រីថ្ងៃសុក្រនេះ។

រំលឹកផងថា លោក Beckenbauer ជាអតីតកីឡាករដ៏អស្ចារ្យមួយរូបរបស់អាល្លឺម៉ង់ ដែលជាប្រធានក្រុមធ្លាប់ជួយអាល្លឺម៉ង់ខាងលិចឈ្នះជើងឯកពានអឺរ៉ុប European Championship 1972 និងពានរង្វាន់ World Cup ក្នុងឆ្នាំ១៩៧៤ និងឈ្នះ World Cup ម្តងទៀត ក្នុងនាមជាគ្រូបង្វឹកក្នុងឆ្នាំ១៩៩០ ខណៈលោកបានទទួលមរណភាពនាអំឡុងខែមករា ឆ្នាំ២០២៤ ក្នុងវ័យ ៧៨ឆ្នាំ។

ក្នុងពិធីបើកនាម៉ោងប្រមាណ ១២យប់នេះ (ម៉ោងនៅកម្ពុជា) នឹងឃើញវត្តមានលោកស្រី Heidi ដែលជាភរិយារបស់លោក Beckenbauer ក្នុងការចូលរួមដង្ហែពាន Henri Delaunay Cup ដែលជាពានប្រចាំព្រឹតិ្តការណ៍ អមដំណើរដោយអតីតប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ ២រូបផ្សេងទៀត គឺលោក Bernard Dietz និងលោក Juergen Klinsmann ទៀតផង។

ក្នុងស្ថានភាពនេះត្រូវបានបញ្ជាក់ថា «វីរបុរស Euro របស់អាល្លឺម៉ង់ទាំង ៣នាក់នេះ ត្រូវបានរំលឹកឡើងវិញ ដើម្បីជាការចងចាំ» នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ UEFA។

កម្មវិធីបើក Euro 2024 ដែលប្រារព្ធធ្វើឡើងនៅក្នុងកីឡដ្ឋាន Allianz Arena ទឹកដីរបស់ក្លិបខ្លារខិន Bayern Munich ជាទីដែលលោក Beckenbauer លេងឱ្យ Bayern ជាង ១ទសវត្សរ៍ ដោយបានឈ្នះពានរង្វាន់អឺរ៉ុប European Cups (UEFA Champions League បច្ចុប្បន្ន) ចំនួន ៣រដូវកាលជាប់ៗគ្នាផងដែរ ពោលគឺពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៦៕