(បរទេស)៖ ក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានថ្កោលទោសចំពោះចំណាត់ការពន្ធគយរបស់សហភាពអឺរ៉ុប លើយានជំនិះអគ្គិសនីរបស់ចិន ដោយអះអាងថា ជាអាកប្បកិរិយាគាំពារនិយម បើទោះបីជាក្រុមហ៊ុននាំចេញរថយន្តកំពូលរបស់ប្រទេសចិន បាននិយាយថា កាតព្វកិច្ចនេះនឹងមិនធ្វើឱ្យខូចដល់ផែនការពង្រីករបស់ខ្លួននៅអឺរ៉ុបក្នុងឆ្នាំនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ប្រតិកម្មខាងលើពីសំណាក់ប្រទេសចិន និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត បានចង្អុលបង្ហាញពីការប្រឆាំងទៅនឹងការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងមានគំនិតចង់បន្ធូរបន្ថយស្ថានការណ៍។ ជុំវិញករណីពន្ធគយនេះ ប្រទេសចិនបានអះអាងថា ខ្លួននឹងចាត់វិធានការចាំបាច់នានា ដើម្បីការពារផលប្រយោជន៍របស់ខ្លួន បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានប្រកាសកាលពីថ្ងៃពុធកន្លងទៅនេះថា ខ្លួននឹងដំឡើងពន្ធបន្ថែមរហូតដល់ ៣៨.១% លើរថយន្តអគ្គិសនីនាំចូលពីចិន ដោយគិតចាប់ពីខែកក្កដាខាងមុខ។

ទោះបីជាទីក្រុងប៉េកាំង សម្តែងការមិនពេញចិត្តនឹងចំណាត់ការរបស់អឺរ៉ុបក៏ពិតមែន ប៉ុន្តែងាកមក ក្រុមហ៊ុន Chery Auto ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសចិន ហាក់ដូចជាមិនមានប្រតិកម្មអ្វីនឹងការដំឡើងពន្ធនេះទេ។ ក្នុងនោះ លោក Charlie Zhang អនុប្រធានក្រុមហ៊ុន Chery Auto និងជាប្រធានអាជីវកម្មនៅអ៊ឺរ៉ុប បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការផលិតរថយន្តអគ្គិសនីនៅចុងឆ្នាំនេះ នៅឯរោងចក្រក្នុងប្រទេសអេស្ប៉ាញ ដែលជាកន្លែងផលិតដំបូងរបស់ក្រុមហ៊ុននៅអឺរ៉ុប។

លោកថា ការវិនិយោគនេះ នឹងជួយប៉ះប៉ូវផលប៉ះពាល់នៃការយកពន្ធខាងលើ។ ខណៈគូប្រជែង BYD និង Great Wall Motor ក៏កំពុងសម្លឹងរកមើលការបង្កើតរោងចក្រផលិត និងដំឡើងនៅក្នុងតំបន់អឺរ៉ុបផងដែរ ក្នុងគោលបំណងដើម្បីកាត់បន្ធយការចំណាយលើពន្ធគយ ដូចដែលពួកគេមានបំណងចង់ បង្កើនការលក់រថយន្តដែលមានតម្លៃទាប ដើម្បីប្រជែងនឹងដៃគូប្រកួតប្រជែងនៅអឺរ៉ុបរបស់ពួកគេ៕