(ម៉ូនិច)៖ ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាកពានរង្វាន់អឺរ៉ុប Euro 2024 តាមរយៈបំបាក់គូប្រជែងស្កុតឡេន ៥-១ នាយប់មិញនេះ នៅពេល Musiala ជាប់ឈ្មោះជាកីឡាករលេងល្អជាងគេ ក្នុងប្រកួតទី១ នេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឱ្យដឹងថា ៣ពិន្ទុដំបូងដ៏សំខាន់ក្នុងកីឡដ្ឋាន Allian Arena នេះដែរ បានជួយឱ្យក្រុមរហស្សនាម «ឥន្រ្ទីស្លាបដែរ» មួយនេះ ឡើងទៅឈរនៅកំពូលតារាងនៃពូល A ជាបណ្តោះអាសន្ន មុនពេលជួបហុងគ្រី និងស្វីស ជាបន្តបន្ទាប់ទៀត ក្នុងការប្រជែងកៅអីឡើងទៅវគ្គ ១៦ក្រុម ដ្បិតយកតែក្រុមលេខ១ និងលេខ២ ហើយលេខ៣ ល្អបំផុតចំនួន ៤ក្រុមផងដែរ។

ក្រុមភ្ញៀវដែលនៅសល់តែសមាជិកតែ ១០នាក់ចាប់ពីនាទី៤៤ នៅពេលកីឡាករ Porteous ត្រូវបានពិន័យកាតក្រហម ដ្បិត Kai Havertz ទាត់បាល់ប៉េណាល់ទីបានសម្រេចផងនោះ ហើយ Wirtz, Musiala, Fullkrug និង Can រួមចំណែករកបានម្នាក់ ១គ្រាប់ គ្រាដែលខ្សែការពារ Rudiger ក៏រកបាន ១គ្រាប់ផងដែរ ដោយបាល់ own goal ចុងម៉ោង ជាកាដូដល់ក្រុមភ្ញៀវ។

រាប់ទាំងលើកនេះទៀត អាល្លឺម៉ង់បានយកឈ្នះស្កុតឡេន លើកទី៩ ហើយពីប្រវត្តិជួបគ្នាសរុប ១៨លើក ដោយធ្លាប់ស្មើ ៥លើក និងចាញ់ស្កុតឡេនតែ ៤លើកប៉ុណ្ណោះ និងជាការបរាជ័យលើកទី៦ ផងដែររបស់ស្កុតឡេន ពីការបង្ហាញខ្លួននៃជុំចុងក្រោយលើកទី៤ គ្រាដែល ៣លើកកន្លងមសុទ្ធតែហាលអាវក្នុងពូលទាំងអស់៕