(ប៊ែកឡាំង)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នឹងឈានចូលការប្រកួតថ្ងៃទី២ នារាត្រីថ្ងៃសៅរ៍ ទី១៥ ខែមិថុនានេះ ដោយមាន ៣ប្រកួតឯណោះ ក្រោយពេលម្ចាស់ផ្ទះអាល្លឺម៉ង់ យកឈ្នះស្កុតឡេន នៅថ្ងៃបើកឆាករួចមក។

ស្វីស ត្រូវប៉ះហុងគ្រី គឺជាការប្រកួតទី២ ក្នុងចំណោម ៥១ប្រកួតសរុបនៅពាន Euro លើកទី១៧ នេះចាប់ផ្តើមនាម៉ោង ៨យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងការបញ្ចប់ជុំទី១ នៃវគ្គសន្សំពិន្ទុប្រចាំពូល A បន្ទាប់ពីអាល្លឺម៉ង់ ជួបស្កុតឡេននាយប់មិញ។ ជំនួបរវាងស្វីស និងហុងគ្រី នឹងធ្វើឡើងនៅកីឡដ្ឋាន RheiEnergieSTADION ដោយមានលោក Slavko Vincic សញ្ជាតិស្លូវេនី ជាអាជ្ញាកណ្តាល។

រីឯ ១ប្រកួតទៀត គឺជាការជួបគ្នារវាងអេស្ប៉ាញ ទល់នឹងក្រូអាត បើកឆាកសន្សំពិន្ទុប្រចាំពូល B និងជាប្រកួតទី៣ នៃកម្មកម្មវិធី ៤ម្តងនេះដែរ ចាប់ផ្តើមនាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) ធ្វើឡើងនៅកីឡដ្ឋានជាតិអាល្លឺម៉ង់ Olympiastadion និងជាកីឡដ្ឋានប្រកួតផ្តាច់ព្រ័ត្រ Euro 2024 ទៀតផង។ ការប្រកួតនេះដែរមានលោក Michael Oliver សញ្ជាតិអង់គ្លេស ជាអ្នកដឹកនាំការប្រកួតដ៏ធំនេះ។

១ប្រកួតចុងក្រោយនាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា គឺជាការជួបគ្នារវាងជើងឯកចាស់ អាសូរីអ៊ីតាលី ប៉ះអាល់បានី ដើម្បីបញ្ចប់ជុំទី១ នៃវគ្គសន្សំពិន្ទុប្រចាំពូល B ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Signal Iduna Park ទឹកដីរបស់ក្លិបអាជីព Borussia Dortmund ដោយមានលោក Felix Zwayer សញ្ជាតិអាល្លឺម៉ង់ ជាអ្នកកាត់ក្តីផងដែរ៕