(ភ្នំពេញ)៖ អ្នកតាមដាន ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ចំពោះវត្តមានកីឡាករ Dave Leduc ដែលបានប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ អង្គុយទស្សនាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ Kun Khmer King Of The Ring នៅទីក្រុងកោះពេជ្រ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ ដែលធ្វើឡើងក្រោមវត្តមានរបស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។

សកម្មភាពរបស់ជើងខ្លាំង Lathwei របស់មីយ៉ាន់ម៉ារូបនេះ ត្រូវបានចាត់ទុកជាសញ្ញាណល្អមួយ សម្រាប់ទេសចរណ៍ និងវិស័យកីឡាប្រដាល់គុនខ្មែរ ក្រោមពាក្យមួយឃ្លា «ក្រោយភ្លៀងមេឃស្រលះ» បន្ទាប់ពីមានការសម្របសម្រួល និងបញ្ចប់វិវាទពាក្យសម្ដីគ្នា រវាងប្រធានសហព័ន្ធ និង Dave Leduc ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្មីៗ ។

អ្នកគាំទ្រគុនខ្មែរជាច្រើន បានសម្ដែងការគាំទ្រ ដែលកីឡាករសញ្ជាតិដើមកាណាដារូបនេះ បានប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងកម្មវិធីគុនខ្មែរ ។ ប៉ុន្ដែមានអ្នកខ្លះបានលើកឡើងថា បើគ្មានការជួបណែនាំពីប្រធានសហព័ន្ធ ទំនង Dave Leduc មិនទាន់កែប្រែមកប្រើប្រាក់សម្លៀកបំពាក់បែបខ្មែរនោះទេ ។ យ៉ាងណានេះ គឺជារឿងដ៏ល្អសម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ ដែលប្រជាជនកម្ពុជាចង់បាន ។

យោងតាមការលើកឡើងលើបណ្ដាញសង្គមឈ្មោះ Phea Journalist បានសរសេរថា «តើបងប្អូនមានឃើញអ្វីប្លែក ហើយគិយដូចAdmin ទេ? ចំពោះ Admin គិតថាបើគ្មានឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាបរដាល់គុនខ្មែរ ណែនាំ Dave Leduc គឺគាត់នឹងមិនភ្ញាក់ខ្លួនកែប្រែមកស្លៀកពាក់ប្រពៃណីខ្មែរដែរ។ នេះហើយអ្វីដែលគុនខ្មែរយើងចង់បាន។ គុនខ្មែររឹងមាំ គុនខ្មែរខ្លាំង»

ក្រឡេកមកមើលលទ្ធផលការប្រកួត Kun Khmer King Of The Ring កាលពីយប់មិញវិញ បានធ្វើឲ្យអ្នកគាំទ្រគុនខ្មែរ ពេញចិត្តជាខ្លាំង ក្នុងនោះអ្នកលេងពូថៅដៃ ធឿន ធារ៉ា បានផ្ដួលកីឡាកររុស្ស៊ី អេឡិចសាន់ឌើរ ស្កូវ៉ូសូវ ត្រឹមទឹក៣ និងកីឡាករ ម៉ឺន មេឃា ផ្ដួលកីឡាករជប៉ុន Ken Ta ត្រឹមទឹក២ ដើម្បីគ្រងខ្សែក្រវាត់អំបោះឆៅ IPCC KUN KHMER AMBOS CHHAO រៀងៗខ្លួន ។ រីឯកីឡាករ សែន ចន្ទឬទ្ធីគុន បានផ្ដួលកីឡាករចិន Liu Xingqi ត្រឹមទឹក១ ខណៈគូប្រកួតហ្គង់ចេញម្រាម ៣គូទៀត អ្នកលេងគុនខ្មែរ ៣រូប បានផ្ដួលកីឡាករជប៉ុន, ចិន និងអ៊ីរ៉ង់ មុនបញ្ចប់ទឹកដូចគ្នា ៕