(បរទេស)៖ ទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន ByteDance របស់ចិនគ្រោងបញ្ឈប់បុគ្គលិកនៅអង្គភាពឥណ្ឌូនេស៊ីរបស់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងមួយដែលខ្លួនបានទិញយកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចក្នុងស្រុក Tokopedia ហើយបញ្ចូលវាជាមួយប្រតិបត្តិការ TikTok តែមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ជុំវិញផែនការបញ្ឈប់បុគ្គលិកនេះ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok មិនបានបញ្ជាក់នោះទេ ថាតើមានបុគ្គលិកប៉ុន្មាននាក់នឹងរងផលប៉ះពាល់។ តែបើតាមរបាយការណ៍ពី Bloomberg បានរាយការណ៍ថា មានបុគ្គលិកប្រមាណ ៤៥០នាក់អាចនឹងប្រឈមមុខក្នុងការបញ្ឈប់ជុំនេះ។

គួររំលឹកដែរថា កាលពីខែមករាកន្លងទៅ ByteDance បានបញ្ចប់កិច្ចព្រមព្រៀងទិញយកភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុន Tokopedia ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូនេស៊ី។ ទាក់ទិននឹងករណីនេះ បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រុមហ៊ុន ByteDance លោកស្រី Nuraini Razak បានថ្លែងប្រាប់ទៅ Reuters គឺធ្វើឡើងក្នុងគោលបំណងច្របាច់បញ្ចូលគ្នារវាងប្រតិបត្តិការ TikTok និង Tokopedia ចូលគ្នាតែមួយនឹងចម្រាញ់យកតែបុគ្គលិកសំខាន់ៗប៉ុណ្ណោះ។ លោកស្រីបានគូសបញ្ជាក់ថា «យើងបានកំណត់ផ្នែកនានាដើម្បីពង្រឹងអង្គភាពរបស់យើង និងរៀបចំរចនាសម្ព័ន្ធរបស់យើងឱ្យកាន់តែប្រសើរឡើងជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន»

គួរជម្រាបថា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដំបូងឡើយមានប្រតិបត្តិការ e-commerce នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមរយៈ TikTok Shop។ ប៉ុន្តែប្រតិបត្តិការនេះត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដោយសារការព្រួយបារម្ភអំពីការកំណត់តម្លៃនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងការគំរាមកំហែងដែលអាចកើតមានចំពោះសហគ្រាសធុនតូច និងមធ្យម ទើបបណ្តាលឱ្យកម្មវិធីនេះ មិនអាចដំណើរការជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចបាន។ ដូច្នេះហើយទើបបានជា ByteDance សម្រេចទិញយកភាគហ៊ុននៅ Tokopedia និងរួមបញ្ចូលគ្នាជាមួយ TikTok ដើម្បីអាចឈរជើងនៅទីនោះបន្តទៀតបាន៕