(បរទេស)៖ ពេលនេះកីឡាករឆ្នើមអាហ្សង់ទីន Lionel Messi បានមានគ្រាប់ស៊ុតបញ្ចូលទីឈានដល់ ១២២គ្រាប់ហើយ ជាមួយក្រុមជម្រើសជាតិ បន្ទាប់ពីបានបន្ថែម ២គ្រាប់ទៀត នៅជំនួបមិត្តភាពអន្តរជាតិកម្តៅសាច់ដុំបានយកឈ្នះក្រុមកាតេម៉ាឡា ៤-១ ដែលការប្រកួតនេះធ្វើនៅសហរដ្ឋអាមេរិក មុនឈានទៅលេងនឹងការពារពាន Copa America ខាងមុខនេះ។

២គ្រាប់ថ្មីនេះ Messi ធ្វើបាននៅនាទី១២ នឹងនៅនាទី៧៧ ជាមួយនឹងមិត្តរួមក្រុម Lautaro Martinez ក៏រកបាននៅនាទី៣៩ នឹងនៅនាទី៦៦ ក្រោយពេលរូបគេបានធ្វើឱ្យចូលទីខ្លួនឯងនៅនាទី៤ ដើមវគ្គទី១ ខណៈការកើតឡើងនៅគ្រាប់ចំណេញរបស់ក្រុមកាតេម៉ាឡា នេះដែរ គឺជាគ្រាប់បាល់បញ្ចូលទីដំបូង លើក្រុមម្ចាស់ជើងឯកពិភពលោក World Cup នឹងជើងឯក Copa America ក្នុងប្រវត្តិជួបគ្នា ៤លើកកន្លងមកក្នុងប្រកួតមិត្តភាព ដោយធ្លាប់លេងស្មើគ្មានគ្រាប់ស៊ុតតែ ១លើកកាលឆ្នាំ១៩៩០។

សម្រាប់ឆ្នាំ២០២៤ នេះ កីឡាករឆ្នើមដែលមានរបាយការណ៍បង្ហាញថា មានគម្រោងបញ្ចប់អាជីពបាល់ទាត់នៅក្លិប Inter Miami នោះ ទើបរកបាន ២គ្រាប់នេះទេ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងជំនួបមិត្តភាពអន្តរជាតិ។

បញ្ជាក់ផងថា ពេលនេះក្រុមជម្រើសជាតិអាហ្សង់ទី គឺមានពេលវេលាត្រៀមតែការលេងពាន Copa America 2024 ជាបន្ត ដែលជាពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង ដោយពួកគេស្ថិតក្នុងពូល A នឹងបើកឆាកប៉ះក្រុមកាណាដា រួចបន្តប៉ះក្រុមឈីលី និងក្រុមប៉េរ៉ូ ដែលអាហ្សង់ទីន ជាក្រុមការពារតំណែងជើងឯកឆ្នាំ២០២១ ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕