(ប៊ែកឡាំង)៖ ក្រុមបាល់ទាត់ជម្រើសជាតិស្វីស បានឡើងទៅឈរនៅលេខរៀងទី២ ជាបណ្តោះអាសន្នប្រចាំពូល A តាមពីក្រោយម្ចាស់ផ្ទះអាល្លឺម៉ង់ នៅព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប Euro 2024 បន្ទាប់ពីយកឈ្នះគូប្រជែងហុងគ្រី ៣-១ នៅរាត្រីថ្ងៃសៅរ៍ ទី១៥ ខែមិថុនានេះ។

ក្នុងការប្រកួត ៩០នាទីពេញនៅកីឡដ្ឋានរបស់ក្លិប Cologne នេះដែរ ស្វីសបានបើកការនាំមុខហុងគ្រី ២គ្រាប់មុន ធ្វើបានសម្រេចដោយកីឡាករ Duah នៅនាទីទី១២ និងមិត្តរួមក្រុម Aebischer រកបានគ្រាប់ទី២ ទៀតនាចុងម៉ោងនៃវគ្គទី១ និងគ្រាប់ទី៣ ដោយកីឡាករ Embolo នៅនាទី៩០+៣ ដ្បិត Varga ជាអ្នករកបានតែ ១គ្រាប់ប៉ុណ្ណោះឱ្យហុងគ្រីនៅនាទី៦៦ ។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុសម្រាប់ជុំទី១ ប្រចាំពូល A ត្រូវបានបញ្ចប់ និងជាការប្រកួតទី២ នៅ Euro លើកទី១៧ នេះដែរ ក្រោយពេលម្ចាស់ផ្ទះអាល្លឹម៉ង់បំបាក់ស្កុតឡេន ៥-១ នៅថ្ងៃបើកឆាកនាយប់មិញនេះ ដើម្បីយក ៣ពិន្ទុរៀងៗខ្លួន៕