(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានប្រព្រឹត្តជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានអត្តពលិកជាតិ និងអន្ដរជាតិចូលរួមសរុបចំនួន ៤,១១០នាក់។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំ នៅរាជធានីភ្នំពេញ មុនបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសា ២១គីឡូម៉ែត្រ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមជាមួយអត្តពលិកជាតិ-អន្ដរជាតិ ក៏បានលើកដៃប្រណមដើម្បីថ្វាយនូវសព្ធសាធុការពរ ថ្វាយសម្តេចព្រះមហាក្សត្រី  ព្រះវររាជមាតាជាតិខ្មែរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សាផងដែរ។

លោកទេសរដ្ឋមន្ដ្រីបានថ្លែងថា «ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា ជាកូន ជាចៅ ចៅទួត និងអត្តពលិកជាតិ-អន្តរជាតិទាំងអស់ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលសិរីវឌ្ឍនា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីទ្រង់បន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជាយូរអង្វែងតរៀងទៅ»

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់បន្ថែមថា «ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញឆ្នាំនេះ គណៈកម្មការរៀបចំ បានទទួលអ្នកចូលរួមរត់សរុបចំនួន ៤,១១០នាក់ ដែលមានអត្តពលិករត់ ២១គីឡូម៉ែត្រ ចំនួន ៦៤៧នាក់,  រត់ ១០គីឡូម៉ែត្រ ចំនួន ១,៨៧០នាក់,  រត់ ៥គីឡូម៉ែត្រ ចំនួន ១,៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ ចំនួន ២៥៦នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៣,៤២២នាក់ និងអន្តរជាតិចំនួន ៦៨៨នាក់»

ឆ្លៀតឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ក៏បានអរគុណចំពោះការគាំទ្រ និងចូលរួមរបស់អត្តពលិកជាតិ-អន្ដរជាតិទាំងអស់ ព្រមទាំងដៃគូសហការឧបត្ថម្ភគាំទ្រ ពិសេសសាលារាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច មន្ទីរសុខាភិបាល ក្រុមយុវជនសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងអាជ្ញាធរពាក់ព័ន្ធ ដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ ដល់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ក្នុងទិវារត់ប្រណាំងនេះផងដែរ។

គួរដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព្រះបរមរាជវាំង និងរដ្ឋបាលរាជធានីភ្នំពេញ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់ៗជាច្រើន ជាពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏ដូចជាចូលរួមផ្សព្វផ្សាយក្រុមភ្នំពេញ ដូចព្រឹត្តិការណ៍ម៉ារ៉ាតុងធំៗលើពិភពលោក។ ម្យ៉ាងក៏ដើម្បីចូលរួមការងារសប្បុរសធម៌ផងដែរ ដ្បិតថវិកាទទួលបានពីការរៀបចំព្រឹត្តិការណ៍នេះ NOCC នឹងរៀបចំបរិច្ចាគជូនមន្ទីរពេទ្យកុមារ និងអង្គការមនុស្សធម៌នានា ក្រោយបញ្ចប់កម្មវិធីរៀងរាល់ឆ្នាំ៕