(ឡុងដ៍)៖ អតីតខ្សែប្រយុទ្ធក្លិប Arsenal, Everton និង Nottingham Forest និងជាអ្នកអត្ថាធិប្បាយ លោក Kevin Campbell បានស្លាប់ក្នុងវ័យ ៥៤ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

សារព័ត៌មានចក្រភពអង់គ្លេសបានចេញផ្សាយថា លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រយៈពេល ២សប្តាហ៍មុនពេលការប្រកាសទទួលមរណភាព។

លោក Campbell កើតនៅទីក្រុង London រូបនេះ បានបង្ហាញខ្លួន លើកដំបូងក្នុងឈុតធំរបស់ Arsenal ក្នុងឆ្នាំ១៩៨៨ និងបានចំណាយពេល ៧ឆ្នាំនៅក្លិបមួយនេះ ក្នុងនោះរួមទាំងការចេញទៅលេងខ្ចីជើងនៅក្លិបផ្សេងចំនួនពីរដងផងដែរ។

លោកបានចូលរួមជាមួយក្លិប Forest ក្នុងឆ្នាំ១៩៩៥ ដោយលោកបានចំណាយពេលលេងនៅទីនោះ ៣ឆ្នាំមុនពេលផ្លាស់ទៅលេងនៅក្លិប Everton ក្នុងឆ្នាំ១៩៩៩ ជាការលេងរយៈពេល ៦ឆ្នាំ៕