(ប៊ែកឡាំង)៖ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ នឹងឈានចូលប្រកួតថ្ងៃទី៣ សម្រាប់រាត្រីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ស្របពេលតោ៣ អង់គ្លេស ប៉ះស៊ែប៊ី ជាគូជក់ចិត្តនៅរាត្រីនេះផងដែរ។

ហូឡង់ អតីតជើងឯករងកាល World Cup 2010 នឹងចាប់ផ្តើមប្រកួតឆាករបស់ពួកគេនៅ Euro លើកទី១៧ នេះ ដោយប៉ះគូប្រជែងប៉ូឡូញ ដែលមានតារាជើងស៊ុត Robert Lewandowski និងជាការប្រកួតបើកឆាកផងដែរប្រចាំពូល D នាម៉ោង ៨យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Volskparkstadion ខណៈលោក Artur Dias សញ្ជាតិព័រទុយហ្គាល់ ជាមន្រ្តីអាជ្ញាកណ្តាល។

១ប្រកួតទៀតនាម៉ោង ១១យប់ គឺជាការប្រកួតបើកឆាកសន្សំពិន្ទុនៅពូល C រវាងក្រុមស្លូវ៉េនី និងដាណឺម៉ាក នៅកីឡដ្ឋាន MHPArena ដោយមានលោក Sandro Schaerer សញ្ជាតិស្វីស ជាអាជ្ញាកណ្តាលផងដែរ។

រីឯតោកំណាចអង់គ្លេស អតីតជើងឯករងកាល Euro 2020 នឹងត្រូវប៉ះស៊ែប៊ី ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុជុំទី១ ប្រចាំពូល C នាវេលាម៉ោង ២យប់រំអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន VELTINS-Arena ដោយមានលោក Daniele Orsato ជាមន្រ្តីអាជ្ញាកណ្តាល៕