(ភ្នំពេញ)៖ ក្រុមហ៊ុនដែលប្រកបអាជីវកម្ម ជាទូទៅបង្កើតឡើងដោយប្រមូលផ្ដុំធនធានមនុស្សដែលមានសមត្ថភាព និងទេពកោសល្យ ដើម្បីសម្រេចគោលបំណងអាជីវកម្មរួមមួយ និងមានឯករាជ្យភាពពីដៃគូប្រកួតប្រជែងរបស់ខ្លួន ។

យ៉ាងណាមិញ ក្រុមហ៊ុនដែលប្រកបអាជីវកម្ម ក៏អាចធ្វើការសហការជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនបាន ដើម្បីសម្រេចលទ្ធផលរួមគ្នាដូចជា ពង្រីកទីផ្សារ បង្កើនចំណូល ផ្ទេរចំណេះដឹង ដែលលទ្ធផលទាំងនោះចាំបាច់ត្រូវមានការសហការគ្នា ។ យោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម គឺបានកំណត់ពីមធ្យោបាយមួយ ដែលអាចសម្រេចបាននូវលទ្ធផលទាំងនោះបានតាមរយៈមធ្យោបាយនៃការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ។

តើការរំលាយក្រុមហ៊ុនបញ្ចូលគ្នាមានអត្ថន័យយ៉ាងដូចម្ដេច? ដើម្បីធ្វើការរំលាយក្រុមហ៊ុនបញ្ចូលគ្នាបានត្រូវធ្វើអ្វីខ្លះ?

ដើម្បីយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្ដរជាតិ សូមលើកយកប្រធានបទស្ដីពី «ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា» មកធ្វើការបកស្រាយជូនសិស្ស និស្សិត និងបងប្អូនទាំងអស់គ្នា ដូចខាងក្រោម។

ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា សំដៅដល់ ក្រុមហ៊ុនពីរ ឬ ច្រើន ធ្វើការរំលាយបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ ឬធ្វើការបង្រួមចូលគ្នាជាក្រុមហ៊ុនថ្មីមួយទៀត ។ បន្ទាប់ពីបានរំលាយបញ្ចូលគ្នា ក្រុមហ៊ុនដែលបានរំលាយហៅថា“ក្រុមហ៊ុនដើម” ចំណែកឯក្រុមហ៊ុនដែលទទួលបន្ទុកធ្វើអាជីវកម្មតទៅទៀតហៅថា “ក្រុមហ៊ុនថ្មី” ។ ក្រុមហ៊ុនដើមនឹងត្រូវបាត់បង់នូវនីតិបុគ្គលិកលក្ខណៈ(ចាប់ពីថ្ងៃដែលក្រសួងពាណិជ្ជកម្មចេញវិញ្ញាបនបត្របញ្ជាក់ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា) ។

ដើម្បីទទួលវិញ្ញាបនបត្របញ្ជាក់ការរំលាយក្រុមហ៊ុនបញ្ចូលគ្នាក្រុមហ៊ុនដែលមានបំណងរំលាយបញ្ចូលគ្នា ត្រូវឆ្លងកាត់នីតិវិធីមួយចំនួន ដូចខាងក្រោម៖

*១. បង្កើតកិច្ចព្រមព្រៀងនៃការរំលាយក្រុមហ៊ុនបញ្ចូលគ្នា
*២. ឆ្លងកាត់ការអនុម័តនូវសេចក្ដីសម្រេចយល់ព្រមលើកិច្ចព្រមព្រៀងនៃការរំលាយបញ្ចូលគ្នា ដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនដែលស្នើ
*៣. ធ្វើមហាសន្និបាតម្ចាស់ហ៊ុន ដើម្បីបោះឆ្នោតសម្រេចលើកិច្ចព្រមព្រៀងនៃការរំលាយក្រុមហ៊ុនបញ្ចូលគ្នា
*៤. តម្កល់ឯកសារទុកនៅក្រសួងពាណិជ្ជកម្ម ។

ការបង្កើតកិច្ចព្រមព្រៀងនៃការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ត្រូវចែងអំពីចំណុចសំខាន់មួយចំនួន (ក) ចំណុចសំខាន់ៗ និងលក្ខខណ្ឌនៃការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ។ (ខ) លក្ខន្តិកៈរបស់ក្រុមហ៊ុនថ្មីដែលទទួលបន្ទុកបន្តធ្វើអាជីវកម្ម ។ (គ) បែបបទនៃការផ្លាស់ប្តូរភាគហ៊ុននៃប្រភេទនីមួយៗរបស់ក្រុមហ៊ុនដើមឱ្យទៅជាភាគហ៊ុន ឬ មូលបត្រផ្សេងៗរបស់ក្រុមហ៊ុនថ្មី ដែលទទួលបន្ទុកបន្តអាជីវកម្ម ។ (ឃ) របាយការណ៍ស្តីពីសាច់ប្រាក់ សិទ្ធិ មូលបត្រ ឬកម្មសិទ្ធិផ្សេងៗទៀត ដែលអ្នកកាន់កាប់ភាគហ៊ុនត្រូវទទួល ក្នុងការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ប្រសិនបើភាគហ៊ុនណាមួយរបស់ក្រុមហ៊ុនដើម មិនត្រូវប្តូរទៅជាភាគហ៊ុនរបស់ក្រុមហ៊ុនថ្មី ដែលទទួលបន្ទុកបន្តអាជីវកម្មនោះទេ ។ (ង)ព័ត៌មានដទៃទៀតដែលម្ចាស់ហ៊ុនក្នុងប្រភេទនីមួយៗចង់ដឹងដើម្បីជាមូលដ្ឋានធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោតលើការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ។ (ច)ព័ត៌មានលម្អិតនៃកិច្ចសម្របសម្រួលចាំបាច់ ដើម្បីធ្វើឱ្យប្រសើរឡើង និងដើម្បីផ្តល់ដល់ការគ្រប់គ្រង ព្រមទាំងប្រតិបត្តិការនាពេលបន្ទាប់នៃក្រុមហ៊ុនថ្មី ដែលទទួលបន្ទុកបន្តអាជីវកម្ម ។

ចំណែកឯការតម្កល់ឯកសារទុកនៅក្រសួងពាណិជ្ជកម្ម ត្រូវមានឯកសារដូចជា (ក) កិច្ចព្រមព្រៀងស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា ។ (ខ) សេចក្តីសម្រេចយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នានៃអង្គប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងនៃមហាសន្និបាតម្ចាស់ហ៊ុនរបស់ក្រុមហ៊ុនដើមនីមួយៗ ។ (គ) លក្ខន្តិកៈរបស់ក្រុមហ៊ុនថ្មីដែលទទួលធ្វើអាជីវកម្មបន្ត ។ (ឃ)សេចក្តីប្រកាសរបស់អភិបាល ឬ អ្នកគ្រប់គ្រងនៃក្រុមហ៊ុនដើមនីមួយៗ ដែលធ្វើឡើងតាមការទាមទារពីមន្ត្រីទទួលបន្ទុកគ្រប់គ្រងក្រុមហ៊ុននៃក្រសួងពាណិជ្ជកម្ម ។

សេចក្តីប្រកាសនោះត្រូវមានមូលហេតុសមរម្យដូចខាងក្រោម៖

*១. ក្រុមហ៊ុនដើម និងក្រុមហ៊ុនថ្មីដែលទទួលធ្វើអាជីវកម្មបន្តនីមួយៗ គឺមានលទ្ធភាពសងបំណុលរបស់ខ្លួន តាមពេលវេលាដែលត្រូវសង ។

*២. ធនធានសរុបរបស់ក្រុមហ៊ុនថ្មី ដែលទទួលធ្វើអាជីវកម្មបន្ត មិនត្រូវតិចជាងចំនួនសរុបនៃបំណុលដែលខ្លួនជំពាក់ និងដើមទុនចុះបញ្ជីនៃក្រុមហ៊ុនដើម ។

*៣. គ្មានម្ចាស់បំណុលណាមួយទទួលការខូចខាតដោយសារការរំលាយក្រុមហ៊ុនបញ្ចូលគ្នានេះទេ ។

*៤. លិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរ ត្រូវបានប្រគល់ឱ្យម្ចាស់បំណុលទាំងអស់របស់ក្រុមហ៊ុនដើម ហើយគ្មានម្ចាស់បំណុលណាមួយធ្វើការជំទាស់ ដែលមានមូលហេតុស្របទៅលើការរំលាយបញ្ចូលគ្នានោះទេ ។

សរុបមក ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា គឺជាមធ្យោបាយមួយ ដែលអាចធ្វើឱ្យក្រុមហ៊ុនប្រកបអាជីវកម្ម អាចធ្វើការសហការជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួន និងសម្រេចលទ្ធផលដូចជា ការពង្រីកទីផ្សារ បង្កើនចំណូល ផ្ទេរចំណេះដឹង ហើយមធ្យោបាយនេះត្រូវបានអនុញ្ញាតក្នុងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងលោក លី លីនដូ ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរសព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕