(ភ្នំពេញ)៖ លោក សៅ សេងហាក់ ប្រធានសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបង្ហាញនូវផែនការសំខាន់ៗ ក៏ដូចជាការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសការត្រៀមលក្ខណៈចូលរួមការប្រកួតជើងឯកពិភពលោក លើកដំបូង នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ។

នេះបើតាមការលើកឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ បន្ដអាណត្តិទី៨ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាហាប់គីដូកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ដោយលោក សៅ សេងហាក់ ត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធ អាណត្តិថ្មីបន្ដទៀត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឆ្លៀតតបនឹងការគាំទ្រខាងលើនេះ ប្រធានសហព័ន្ធដដែល បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ដដឹកនាំសហព័ន្ធ និងជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែរីកចម្រើន ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ តាមរយៈការជំរុញ ទាំងការងាររដ្ឋបាល ការបណ្ដុះបណ្ដាល និងការផលិតនូវធនធានកីឡាករ-កីឡាការិនី សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ។

លោកបន្ដថា ក្រោយសម្រេចបានសមិទ្ធផលជាច្រើន ក្នុងអាណត្តិចាស់កន្លងមក ចំពោះមុខនេះ សហព័ន្ធនឹងមានបេសកកម្មដ៏ធំ និងជាកំណត់ត្រាប្រវត្តិសាស្ដ្ររបស់សហព័ន្ធ ក្នុងការបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World LH.F Hapkido Championship 2024) នៅខេត្តនុនថាបុរី ប្រទេសថៃ ។ នេះជាលើកដំបូងហើយ ដែលកីឡាហាប់គីដូកម្ពុជា បានចូលរួមប្រកួតជើងឯកពិភពលោក ។

មិនតែប៉ុណ្ណោះ សហព័ន្ធក៏មានគម្រោងនឹងពង្រីកវិសាលភាពឲ្យទៅដល់បណ្តាខេត្ត និងចាប់យកឱកាសចេញទៅចូលរួមប្រកួតនៅក្រៅប្រទេសឲ្យបានច្រើនតាមដែលលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបង្កើតស្នាដៃ និងលើកិត្យានុភាពហាប់គីដូកម្ពុជាឲ្យកាន់តែល្បីល្បាញទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិផងដែរ ។ លោក សៅ សេងហាក់ បន្ថែម ។

គួរដឹងថា សម្រាប់សមាសភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាហាប់គីដូកម្ពុជា អាណត្តិទី៨ ក្រៅពីលោក សៅ សេងហាក់ ជាប្រធាន គឺមានលោក ជា បូរ៉ា, លោក ផាត់ សុភា, លោក គួច ហុងជៀក, លោក ទេព វីរៈ និងលោក សែ តារា ជាអនុប្រធាន ព្រមទាំងលោក គង់ ចាន់ធីណា ដែលបន្ដកាន់តំណែងសំខាន់ជាអគ្គលេខាធិការ រួមជាមួយអគ្គលេខាធិការរង អគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិក ៨រូបផ្សេងទៀត ៕