(ភ្នំពេញ)៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ គឺចំថ្ងៃទិវាគុណលោកឪពុកអន្តរជាតិ លោកស្រី លី ញូវរី ហៅម៉ាក់ អ៊ីអ៊ី បានធ្វើរឿងដ៏អស្ចារ្យ ដោយបានសម្រេចបើកផលិតកម្មផ្ទាល់ខ្លួនមួយដាក់ឈ្មោះថា «ផលិតកម្ម ម៉ាក់អ៊ីអ៊ី» សម្រាប់ជាកាដូពិសេសដល់អ្នកមានគុណទុកច្រៀងកម្សាន្តលេង និងផ្ដល់ឱកាសឲ្យតារាចម្រៀងជើងចាស់ តារាចម្រៀងរៀមច្បង បញ្ចេញបទថ្មីៗនៅលើទីផ្សារ ខណៈដែលការបើកផលិតកម្មនេះ គឺស្ថិតនៅក្នុងផែនការតាំងពីយូរមកហើយ។ ផលិតកម្ម ម៉ាក់អ៊ីអ៊ី បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការប្រកាសពីការចូលទីផ្សារផលិតផលថ្មីមួយទៀត របស់លោកស្រី លី ញូវរី គឺម៉ាសសារ៉ាយសមុទ្រ ម៉ាក់អ៊ីអ៊ី។

ពិធីបើកសម្ពោធជាផ្លូវការផលិតកម្ម ម៉ាក់អ៊ីអ៊ី បានប្រមូលផ្ដុំភ្ញៀវកិត្តិយសជាច្រើនទាំងដៃគូពាណិជកម្ម មិត្តភក្តិ តារាតិកតុក តារាកំប្លែង និងតារាសម្ដែងល្បីៗ និងស្រស់ស្អាតជាច្រើននាក់។ ផលិតកម្មថ្មីនេះ ដឹកនាំ និងគ្រប់គ្រងផ្ទាល់ដោយលោក ចំរើន មករា ហើយក្នុងនោះបានប្រមូលផ្ដុំតារាចម្រៀងវ័យក្មេងជាច្រើនរូប ភាគច្រើនជាអ្នកដែលមានប្រវត្តិកម្សត់កម្រ និងតស៊ូខ្លាំងក្នុងឆាកជីវិត។ តែក្នុងចំណោមនោះ មានបុគ្គលអាថ៌កំបាំងម្នាក់ដែលលោកស្រីអះអាងថា ជាតារាចម្រៀងពិសេសនោះ គឺលោក យិន យ៉ន ជាឪពុកបង្កើតរបស់លោកស្រីតែម្ដង។

លោកស្រី លី ញូវរី បានបញ្ជាក់ថា អ្នកមានគុណរូបនេះ ជាកម្លាំងជំរុញដ៏ធំមួយ ដែលនាំឲ្យលោកស្រីសម្រេចបើកផលិតកម្មមួយនេះឡើង។ គិតមកដល់ពេលនេះ ក្រៅពីលោកឪពុក និងតារាចម្រៀងវ័យក្មេង៤រូប គឺសុវណ្ណដាណេ ប្រុស ហីម កញ្ញា នួន បូលាក់ និងកញ្ញា ហ្វូជី ផលិតកម្មក៏ប្រមូលផ្ដុំតារាចម្រៀងរៀមច្បងមួយចំនួនទៀតដូចជា លោក ឡេង ប៊ុនណាត និងលោក ហួរ ឡាវី ជាដើម។

តាមការបញ្ជាក់របស់លោកស្រីចាងហ្វាង បានបន្ថែមថា លោកស្រីរួមទាំងឧកញ៉ា យឹម តាស្រង់ ជាស្វាមី គឺជាចូលចិត្តស្ដាប់សំនៀង សិល្បកររៀមច្បងទាំងអស់ ក្នុងនោះលោកស្រីកត់សម្គាល់ថា តារាចម្រៀងរៀមច្បង ខកខានចេញបទថ្មីច្រើនឆ្នាំមកហើយ។ ដូច្នេះហើយ ទុកជាការគោរព និងលើកស្ទួយ ពិសេសចង់ស្ដាប់សំនៀងតារាចម្រៀងរៀមច្បង ម្ដងទៀត ទើបលោកស្រីបានទំនាក់ទំនងនាំយក រៀមច្បងទាំងអស់មកចូលរួមជាមួយផលិតកម្ម «ម៉ាក់អ៊ីអ៊ី»។ តាមការបញ្ជាក់តារាចម្រៀងរៀមច្បង នឹងមានបទចម្រៀងបន្តបន្ទាប់ ចាប់ពីខែក្រោយទៅ។

ក្រៅពីពិធីបើកសម្ពោធជាផ្លូវការផលិតកម្ម ម៉ាក់អ៊ីអ៊ី លោកស្រីចាងហ្វាងផលិតកម្ម ក៏បានបង្ហាញជូននូវផលិតផលថ្មី គឺម៉ាស់សារ៉ាយ សមុទ្រដែលមានគុណភាព រហូតលោកស្រី សន្យាដូរប្រាក់ជូនវិញថែមទៀត ប្រសិនបើអតិថិជនទិញទៅប្រើ ហើយមិនមានប្រសិទ្ធភាពនោះ៕