(ភ្នំពេញ)៖ MG Cambodia ដែលជាក្រុមហ៊ុនយីហោចក្រភពអង់គ្លេសដ៏ល្បីមួយ នៅក្នុងឧស្សាហកម្មរថយន្ត បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងប្រកាសជាផ្លូវការ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ប្រចាំប្រទេសកម្ពុជា។ កម្មវិធីនេះ បានរៀបចំធ្វើឡើង នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

កញ្ញា ស៊ីន យូប៊ីន គឺជាតារាកម្ពុជា តែម្នាក់គត់ដែលបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការសហការការងារជាមួយក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិជាច្រើនដូចជា៖ LVMH Group ដែលមានដូចជាម៉ាកយីហោ Dior និង BVLGARI, ព្រមជាមួយម៉ាកយីហោអន្តរជាតិផ្សេងៗទៀតដូចជា Pedro, Fendi Casa, Calvin Klein, Samsung និងម៉ាកយីហោផ្សេងៗទៀតជាច្រើន។

ជាមួយគ្នានោះដែរ គេក៏សង្កេតឃើញថា កញ្ញាធ្លាប់បានលេចមុខ នៅលើគ្របទស្សនាវដ្តីលំដាប់ពិភពលោកដូចជា Bazzaar ផងដែរ ទាំងនោះហើយជាមូលហេតុដែលកញ្ញា គឺជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់យីហោរថយន្ត MG របស់ចក្រភពអង់គ្លេសផងដែរ។

កម្មវិធីបានប្រារព្ធឡើង នៅអគារតាំងបង្ហាញរថយន្ត MG សាខាទឺកថ្លា ដែលកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងការទទួលស្វាគមន៍ កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈរបស់រថយន្ត MG ដែលនេះ ជាសមិទ្ធិផលថ្មីដ៏សំខាន់មួយទៀត រវាងក្រុមហ៊ុនរថយន្ត MG ដ៏មានប្រជាប្រិយភាពនៅកម្ពុជា និងតារាដ៏ល្បីប្រចាំប្រទេស ក្នុងការនាំយកនូវទស្សនៈវិស័យរួមគ្នា ដើម្បីបង្កើនភាពរីកចម្រើនទៅមុខជាមួយគ្នា។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមវត្តមាន តំណាងក្រុមហ៊ុន អឹមជី ខេមបូឌា លោក អ៊ុំ គីម និង កញ្ញា ស៊ីន យូប៊ីន ជាទូតសុច្ឆន្ទៈក្នុងការចាប់ផ្តើម នៃភាពជាដៃគូ និងការសហការគ្នា។

ជាមួយគ្នានោះ ក៏មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន, អ្នកកាសែត, អ្នកគាំទ្រ និងភ្ញៀវកិត្តិយសជាច្រើន ដែលបានផ្តល់កិត្តិយសចូលរួម ធ្វើជាសាក្សីក្នុងឱកាស ដ៏វិសេសវិសាល មួយនេះ ជាមួយនឹងការទទួលទានអាហារឆ្ញាញ់ៗ និងការប្រគុំតន្ត្រីវីយូឡុងកំដរ បានបង្កើតនូវបរិយាកាសកម្មវិធី កាន់តែរីករាយ និងអនុញ្ញាតឲ្យភ្ញៀវកិត្តិយសចូលរួមអបអរសាទរ ដល់ក្រុមហ៊ុន MG និងទូតសុច្ឆន្ទៈថ្មី។

បន្ថែមពីលើឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន MG ក៏បានធ្វើការប្រគល់រថយន្ត MG GT ស៊េរីថ្មីឆ្នាំ២០២៤ ជាកាដូដល់កញ្ញា ស៊ីន យូប៊ីន ដែលជាទូតសុច្ឆន្ទៈផ្លូវការរបស់ខ្លួន និងបង្ហាញថា កញ្ញាក៏ប្រើប្រាស់រថយន្ត MG ផងដែរ។

លោក អ៊ុំ គីម អគ្គនាយកផ្នែកលក់ នៃក្រុមហ៊ុន អឹមជី ខេមបូឌា បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូថា «ដោយបានឃើញពីទេពកោសល្យដ៏អស្ចារ្យរបស់ កញ្ញា ស៊ីន យូប៊ីន និងការបង្ហាញថា MG បានចូលរួមគាំទ្រ និងលើកស្ទួយដល់សិល្បៈកម្ពុជា ដែលមានទេពកោសល្យវ័យក្មេង និងមានអត្តចរិកលក្ខណៈល្អ មានឆន្ទៈ និងការតាំងចិត្តដ៏មោះមុតដូចជា កញ្ញា ស៊ីន យូប៊ីន ជាដើម»

លោកបន្ដថា ដូចដែលកញ្ញាបានសម្រេច នូវសម្ធិទ្ធផល និងក្តីស្រមៃជាច្រើន ចាប់តាំងពីកញ្ញាជា Freshie Girls រហូតក្លាយជាតារាល្បីប្រចាំប្រទេស និងទទួលស្គាល់ដោយម៉ាកយីហោអន្តរជាតិជាច្រើន ព្រមទាំងអាចបង្ហាញខ្លួននៅលើឆាកអន្តរជាតិបានទៀតផង។ ប្រៀបដូចទៅនឹង MG ដែលជាម៉ាកយីហោរបស់ចក្រភពអង់គ្លេស មានអាយុកាល១០០ឆ្នាំ នៅលើឆាកអន្តរជាតិ និង១៤ឆ្នាំនៅក្នុងប្រទេសកម្ពុជា។

លោក អ៊ុំ គីម បានបន្ថែមទៀតថា ជាមួយនឹងកំណើននៃការលក់ ការពង្រីកបន្ថែមនូវសាខាអគារតាំងបង្ហាញថ្មី ពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆាប់ៗនេះ MG នឹងមានការបន្ថែមសាខាថ្មីមួយទៀត ក្នុងខេត្តបាត់ដំបង ដែលនឹងផ្តល់បទពិសោធន៍ថ្មី ដ៏ល្អមួយកម្រិតទៀត ដល់ក្រុមគ្រួសារ MG។

ក្នុងនាមជាទូតសុច្ឆន្ទៈ កញ្ញា ស៊ីន យូប៊ីន បានរៀបរាប់ថា «ជាកិត្តិយសខ្លាំងណាស់ សម្រាប់កញ្ញាដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ MG ប្រចាំនៅប្រទេសកម្ពុជា និងសូមអរគុណខ្លាំងមែនទែន ដែលបានផ្តល់ភាពជឿជាក់ លើកញ្ញាក្នុងការធ្វើដំណើរជាមួយគ្រួសារ MG»។

ឆ្លៀតក្នុងឱកាសនេះ កញ្ញាពិតជាសូមកោតសរសើរដល់ក្រុមហ៊ុន MG ដែលបានជ្រើសរើស និងលើកស្ទួយសិល្បៈខ្មែរ ស្របតាមអនុសាស្ត្ររបស់ប្រមុខរដ្ឋាភិបាល ដែលលោកបានលើកឡើងថា តារាសិល្បៈខ្មែរ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមថែរក្សា ការពារ និងអភិវឌ្ឍន៍បន្ត និងជាបុគ្គលដ៏សំខាន់ ក្នុងការផ្សព្វផ្សាយលើគ្រប់វិស័យទាំងអស់ មិនថានៅក្នុងស្រុក ឬទៅកាន់ឆាកអន្តរជាតិនោះទេ។

កញ្ញា ស៊ីន យូប៊ីន បានលើកឡើងថា កត្តាចម្បងដែលធ្វើឲ្យកញ្ញាព្រមព្រៀងក្លាយជាទូតសុច្ឆន្ទៈរបស់ MG គឺ MG មានវត្តមាននៅប្រទេសកម្ពុជា រយៈពេល១៤ឆ្នាំមកហើយ ហើយពីមួយឆ្នាំទៅមួយឆ្នាំ គឺមានតែភាពរីកចម្រើន និងរក្សាកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ ដែលសរបញ្ជាក់អំពីការទទួលស្គាល់ពីប្រជាជនកម្ពុជា រហូតក្លាយជា Top 3 លើរថយន្តទំនើបលក្ខណៈគ្រួសារនៅកម្ពុជា ដែលមានន័យថា ការខិតខំកសាងកេរ្តិ៍ឈ្មោះ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់នៅកម្ពុជា ដែលនេះហើយជាការផ្តល់ទំនុកចិត្តដល់កញ្ញាដូចគ្នាដែរ ហើយកញ្ញានឹងរួមគ្នាជាមួយក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយអំពីរថយន្ត ដែលមានគុណភាពជូនអតិថិជន។