(ហ្វ្រេងហ្វឺត)៖ ខ្សែការពារស្តាំបែលហ្ស៊ិក Thomas Meunier នៅសល់ ៩ថ្ងៃទៀត ដើម្បីមានកាយសម្បទាពេញលេញ ដើម្បីចូលរួមជាមួយក្រុម នៅព្រឹត្តិការណ៍ European Championship។ នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹក Domenico Tedesco ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

Meunier បានស្នាក់នៅផ្ទះក្នុងប្រទេសបែលហ្ស៊ិក ដើម្បីធ្វើការព្យាបាលរបួសសរសៃពួរ ខណៈក្រុមរបស់លោក Tedesco បានបើកការប្រកួតក្នុងពូល ដោយបានចាញ់ស្លូវ៉ាគី ១-០ កាលពីយប់ថ្ងៃចន្ទ។

«គាត់នឹងអាចចូលរួមជាមួយក្រុមនៅរយៈពេល ១សប្តាហ៍ជាងទៀត។ ខ្ញុំមិនចង់បោះបង់ចោល Meunier នោះទេ ដោយសារតែគាត់បានបង្ហាញខ្លួនគាត់ថា នឹងជាសះស្បើយ។ ខ្ញុំរីករាយដែលរបួសមិនធ្ងន់ធ្ងរ ហើយថាគាត់នៅតែអាចធ្វើដំណើរមកកាន់អាល្លឺម៉ង់បាន»។ លោក Tedesco បានប្រាប់អ្នកសារព័ត៌មាន។

Meunier នឹងខកខានការប្រកួតលើកទី២ ក្នុងពូល E របស់បែលហ្ស៊ិក ទល់នឹងក្រុមរូម៉ានី នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប៉ុន្តែមានឱកាស ក្នុងការមានកាយសម្បទាពេញលេញ សម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ទល់នឹងក្រុមអ៊ុយក្រែននៅថ្ងៃទី២៦ ខែមិថុនា។

បែលហ្ស៊ិក មានបញ្ហារបួសលើខ្សែការពារជាច្រើន សម្រាប់ព្រឹត្តិការណ៍ Euro 2024 នៅអាល្លឺម៉ង់លើកនេះ ស្របពេលខ្សែការពារកណ្តាល Jan Vertonghen និង Arthur Theate បានវិលត្រឡប់ចូលហ្វឹកហាត់វិញ បន្ទាប់ពីអវត្តមានពីការប្រកួត៕