(ម៉ូនិច)៖ ២ប្រកួតនៅយប់នេះ ពីក្នុងពូល F គឺដើម្បីលេងបិទបញ្ចប់សម្រាប់ជុំទី១ នៃវគ្គសន្សំពិន្ទុតាមពូលនីមួយៗ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ។

តួកគី ត្រូវប៉ះហ្សកហ្ស៊ី នាម៉ោង ១១យប់ថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០២៤ ពី ១ប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល F ចុងក្រោយគេ ធ្វើឡើងនៅកីឡដ្ឋាន Signal Iduna Park របស់ក្លិបអាជីព Borussia Dortmund ដោយមានលោក Facundo Tello សញ្ជាតិអាហ្សង់ទីន ជាមន្រ្តីអាជ្ញាកណ្តាល។

ដូចគ្នានោះដែរ បច្ចខែលព័រទុយហ្គាល់ ដែលមាន Cristiano Ronaldo ជាប្រធានក្រុម ត្រូវជួបសាធារណរដ្ឋឆេក នាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Red Bull Arena Leipzig របស់ក្លិប RB Leipzig ដោយមានលោក Marco Guida សញ្ជាតិអ៊ីតាលី ជាអាជ្ញាលើទីលាន។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុតាមពូលនីមួយៗពីពូល A ដល់ពូល F នឹងដំណើរការរហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដោយ ១ក្រុមត្រូវលេង ៣ប្រកួត ដើម្បីប្រជែងយកកៅអីឡើងទៅវគ្គចាញ់-ធ្លាក់ ១៦ក្រុមជាបន្តទៀត។ ជាលទ្ធផលក្រុមលេខ១ និងលេខ២ ត្រូវឡើងទៅវគ្គបន្ត ស្របពេលលេខ៣ ល្អចំនួន ៤ក្រុម ក៏នឹងត្រូវជ្រើសរើសក្នុងការបំពេញវគ្គ ១៦ក្រុមផងដែរ៕