(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអតីតអ្នកផ្គត់ផ្គង់របស់ខ្លួនគឺ Matthews International នៅតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា ដោយចោទប្រកាន់ថាក្រុមហ៊ុននេះបានលួចអាថ៌កំបាំងពាណិជ្ជកម្មទាក់ទងនឹងដំណើរការផលិតអាគុយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ហើយចែករំលែកវាជាមួយដៃគូប្រកួតប្រជែង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ពាក្យបណ្តឹងនេះបានអះអាងថា Matthews បានប្រើប្រាស់ព័ត៌មានសម្ងាត់ទាក់ទងនឹងបច្ចេកវិទ្យាផលិតថ្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ដែលបណ្តាលឱ្យខូចខាត ដោយ Tesla ប៉ាន់ស្មានថាមានលើសពី ១ពាន់លានដុល្លារឯណោះ។ Matthews មានមូលដ្ឋាននៅទីក្រុង Pittsburgh នឹងបានចាប់ផ្តើមផ្គត់ផ្គង់ Tesla ចាប់តាំងពីឆ្នាំ២០១៩ មកម្លេះ។ Tesla បាននិយាយ ខ្លួនបានចែករំលែកអាថ៌កំបាំងពាណិជ្ជកម្មជាមួយនឹង Matthews ទាក់ទងនឹងការស្រោបដោយអេឡិចត្រូតស្ងួត ដែលវាមានសមត្ថភាពកាត់បន្ថយទំហំ ការចំណាយ ការប្រើប្រាស់ថាមពល និងពេលវេលាផលិត ហើយវាជួយបង្កើនដង់ស៊ីតេថាមពល និងអាយុកាលថ្ម។

យោងតាមពាក្យបណ្តឹងបាននិយាយថា Matthews បានចែករំលែកអាថ៌កំបាំងពាណិជ្ជកម្មសម្ងាត់របស់ក្រុមហ៊ុន Tesla ជាមួយនឹងដៃគូប្រកួតប្រជែង មិនបញ្ចេញឈ្មោះ និងបានលក់ «ម៉ាស៊ីន និងបច្ចេកវិទ្យាផ្សេងទៀតដែលបង្កប់នូវអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុន Tesla»។ មិនត្រឹមតែប៉ុណ្ណោះ Matthews ថែមទាំងអះអាងថាការច្នៃប្រឌិតរបស់ក្រុមហ៊ុន Tesla ជាកម្មសិទ្ធិរបស់ខ្លួននៅក្នុងឯកសារប៉ាតង់ថែមទៀតផង។

តែយ៉ាងណាជុំវិញការប្តឹងប្តល់នេះ Matthews បានបដិសេធដោយអះអាងការប្តឹងរបស់ក្រុមហ៊ុន Tesla គឺ «គ្រាន់តែជាយុទ្ធសាស្រ្តថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ពួកគេ ហើយគឺជាការប៉ុនប៉ងសម្លុត និងយកកម្មសិទ្ធិបញ្ញាដ៏មានតម្លៃរបស់ខ្លួនទៅវិញ។ Matthews គូសបញ្ជាក់ថា ខ្លួននឹងការពារបញ្ហានេះឱ្យដល់ទីបញ្ចប់។

គួរជម្រាបថា Tesla បានស្នើឱ្យតុលាការរារាំង Matthews ពីការប្រើប្រាស់អាថ៌កំបាំងពាណិជ្ជកម្មរបស់ខ្លួនខុស ហើយប្រគល់ពាក្យសុំប៉ាតង់របស់ខ្លួនបន្ថែមពីលើការស្នើសុំការខូចខាតរូបិយវត្ថុ៕