(បរទេស)៖ នៅចំពោះមុខទីផ្សាររថយន្តអគ្គិសនីមានការប្រែប្រួលខ្លាំង ក្រុមហ៊ុន Hyundai ហាក់កំពុងតែប្រឹងប្រែងកសាងផលិតផលរបស់ខ្លួនលើទឹកដីសហរដ្ឋអាមេរិក។ ជាក់ស្តែង នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Chang Jae-hoon បានបញ្ជាក់សារជាថ្មីថា រថយន្តអគ្គិសនីគឺជា «អាទិភាពកំពូល» របស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងរោងចក្រមានឈ្មោះថា «Metaplant» មានតម្លៃជិតខ្ទង់ ៧.៥៩ពាន់លានដុល្លារក្នុងរដ្ឋ Georgia ជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Arena EV នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

The Metaplant គឺជារោងចក្រដំឡើងរថយន្តអគ្គិសនី EV និងអាគុយដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅសហរដ្ឋអាមេរិក ដែលកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខ។ ការវិនិយោគដ៏ធំនេះ រួមជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ៥ពាន់លានដុល្លារពីអ្នកផ្គត់ផ្គង់ ត្រូវបានគេរំពឹងថា នឹងបង្កើតការងារប្រហែល ៥០,០០០កន្លែងនៅទីនោះ។

ការវិនិយោគរបស់ Hyundia គឺស្របពេលដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយចំនួន កំពុងពន្លឿនការវិនិយោគលើរថយន្តអគ្គិសនីរបស់ខ្លួនដូចគ្នា។ ការផលិតនៅរោងចក្រ Metaplant គ្រោងនឹងចាប់ផ្តើមនៅខែតុលា ដោយម៉ូដែល Ioniq 5 គឺជាគំរូដំបូងគេដែលត្រូវដំឡើង។

គួរជម្រាបថា រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផលិតរថយន្ត EV ដែលមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ក្នុងតម្លៃសមរម្យចាប់ពីខ្ទង់ ៧,៥០០ដុល្លារ ដែលជាផែនការលើកទឹកចិត្ត សម្រាប់អ្នកទិញរបស់ខ្លួន។ សម្រាប់ការដំណើងដំបូងឡើយ ថ្មនឹងមានប្រភពមកពីរោងចក្ររបស់ក្រុមហ៊ុន Hyundai នៅប្រទេសហុងគ្រី៕