(ម៉ូនិច)៖ ប្រធានក្រុមមាន់គកបារាំង Kylian Mbappe ទំនងជាអវត្តមានសម្រាប់ប្រកួតដែលសេសសល់ក្នុងពូល D នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់អឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ បន្ទាប់ពីរងរបួសច្រមុះធ្ងន់ធ្ងរនាយប់មិញនេះ។

ប្រភពពី Channel Telegram នៃ Euro 2024 បានបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំខាងលើនេះ នឹងអវត្តមានពេលបារាំង ប្រកួតទល់នឹងហូឡង់នៅថ្ងៃទី២២ ខែមិថុនា និង ៣ថ្ងៃបន្ទាប់ ជួបប៉ូឡូញ បិទវគ្គសន្សំពិន្ទុប្រចាំពូល D តែម្តង ក៏ប៉ុន្តែអាចចូលលេងវិញបានក្នុងវគ្គចាញ់-ធ្លាក់ ដោយនឹងមានពាក់ស្រោមមុខការពារទៀតផង។

គ្រូបង្វឹកជម្រើសជាតិបារាំង លោក Didier Deschamps បានថ្លែងក្នុងសន្និសីទកាសែត ក្រោយចប់ការប្រកួតដែលបារាំង យកឈ្នះអូទ្រីស ១-០ ថា «កីឡាករលេខ១០ របស់ពួកយើងមិនស្រួលទេ។ ច្រមុះរបស់គាត់របួសជាទម្ងន់»។

Mbappe បានបង្ខំចិត្តចាកចេញពីទីលាន បន្ទាប់ពីរងរបួសច្រមុះ នៅពេលទៅមុខស្មារបស់កីឡាករអូទ្រីស Kevin Danso ដ្បិតបារាំងបាននាំមុខគូប្រជែង ១ទល់នឹង០ ផងដែរ ដោយជំនួសមកវិញដោយមិត្តរួមក្រុម Olivier Giroud នៅនាទី៩០៕