(ប៊ែកឡាំង)៖ លទ្ធផល ២ប្រកួតក្នុងពូល F នៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ក្រុមខ្លាំងៗមានដូចជា តួកគី និងព័រទុយហ្គាល់ជាដើមនោះ សុទ្ធតែរកបាន ៣ពិន្ទុដូចៗគ្នាផងដែរ។

តួកគី ដែលប្រកួតបើកឆាកសន្សំពិន្ទុប្រចាំពូល F នាម៉ោង ១១យប់មិញនេះ (ម៉ោងនៅកម្ពុជា) បានយកឈ្នះគូប្រជែង ហ្សកហ្ស៊ី ៣-១ ដើម្បីឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន មុនពេលព័រទុយហ្គាល់ អតីតជើងឯកកាលពី Euro 2016 នៅបារាំង យកឈ្នះសាធារណរដ្ឋឆេក ២-១ ឡើងឈរនៅតំណែងលេខ២ ដ្បិតមាន ៣ពិន្ទុស្មើគ្នា ប៉ុន្តែចាញ់គ្រាប់ចំណេញ។

យ៉ាងណាក៏ដោយ ការប្រកួតវគ្គសន្សំពិន្ទុតាមពូលសម្រាប់ជុំទី១ ទាំង ២៤ក្រុម (ប្រទេស) ពីពូល A ដល់ពូល F ត្រូវបានបញ្ចប់ជាស្ថាពរ ដែលត្រូវលេងជុំទី២ នារាត្រីថ្ងៃពុធនេះបន្តផងដែរ ដោយក្នុង ១ក្រុមត្រូវលេង ៣ប្រកួតក្នុងពូល។

ជាលទ្ធផលជុំទី១ ឃើញថា ក្រុមខ្លាំងៗដែលជាអធិរាជបាល់ទាត់ប្រចាំតំបន់អឺរ៉ុប (UEFA) មានដូចជា ម្ចាស់ផ្ទះអាល្លឺម៉ង់ ហូឡង់ បារាំង អង់គ្លេស តួកគី ព័រទុយហ្គាល់ អេស្ប៉ាញ និងក្រុមការពារតំណែងជើងឯក អាសូរីអ៊ីតាលី សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នា អនិច្ចាតែអ៊ុយក្រែន និងប៊ែលហ្សិក បែរជាចាញ់ដោយមិននឹកស្មាន៕