(ម៉ូនិច)៖ វគ្គសន្សំពិន្ទុនៃជុំទី២ តាមពូលនីមួយៗនៅពានរង្វាន់អឺរ៉ុប Euro 2024 នឹងចាប់ផ្តើមនារាត្រីថ្ងៃពុធនេះ ដោយមានម្ចាស់ផ្ទះអាល្លឺម៉ង់ ត្រូវប៉ះក្រុមជម្រើសជាតិហុងគ្រី ដែលស្ថិតក្នុងពូល A ជាមួយគ្នា។

១ប្រកួតបើកឆាកនាក្បាលព្រលប់ម៉ោង ៨យប់នេះ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិក្រឡាអុកក្រូអាត ប៉ះអាល់បានី ក្នុងនាមជាក្រុមដែលចាញ់ដូចគ្នា ពី ១ប្រកួតដំបូងប្រចាំពូល B។ គូនេះដែរនឹងធ្វើឡើងនៅកីឡដ្ឋាន Volksparkstadion ដោយមានលោក Francois Letexier សញ្ជាតិបារាំង ជាមន្រ្តីអាជ្ញាកណ្តាល។

គូទី២ គឺជាការជួបគ្នារវាងម្ចាស់ផ្ទះឥន្រ្ទីដែកអាល្លឺម៉ង ត្រូវប៉ះក្រុមហុងគ្រី នាម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន MHPArena ដោយមានលោក Danny Makkelie សញ្ជាតិហូឡង់ ជាអាជ្ញាកណ្តាលលើទីលាន។ ប្រសិនបើអាល្លឺម៉ង់ អាចយកឈ្នះហុងគ្រីទៀត នោះពួកគេនឹងកក់កៅអីឡើងទៅវគ្គ ១៦ក្រុមមុនគេ ដែលកំពុងឈរនៅកំពូលតារាងប្រចាំពូល A ផងដែរ ក្រោយបំបាក់ស្កុតឡេន ៥-១ នៅថ្ងៃបើកឆាក Euro លើកទី១៧។

១ប្រកួតចុងក្រោយនាម៉ោង ២យប់រំលងអាធ្រាត្រ គឺជាការជួបគ្នារវាងស្កុតឡេន និងស្វីស ដើម្បីបញ្ចប់វគ្គសន្សំពិន្ទុក្នុងជុំទី២ ប្រចាំពូល A ធ្វើឡើងនៅកីឡដ្ឋាន RheinEnergieSTADION ដោយមានលោក Ivan Kruzliak សញ្ជាតិស្លូវ៉ាគី ជាអាជ្ញាកណ្តាលលើទីលាន។ ស្វីស ប្រសិនបើឈ្នះទៀត នឹងកក់កៅអីឡើងទៅវគ្គ ១៦ក្រុមផងដែរ ដែលកំពុងឈរនៅលេខ២ មាន ៣ពិន្ទុក្នុងដៃ ក្រោយឈ្នះហុងគ្រី ៣-១ កាលពីរាត្រីថ្ងៃសៅរ៍៕