(ប៊ែកឡាំង)៖ តំបន់អ្នកគាំទ្រព្រឹត្តិការណ៍ Euro 2024 ចំនួន២ នៅទីក្រុង Berlin ដែលទាក់ទាញភ្ញៀវរាប់ម៉ឺននាក់ សម្រាប់ទស្សនាជាសាធារណៈនៃការប្រកួតនោះ ត្រូវបានបិទកាលពីថ្ងៃអង្គារ ដោយសារការព្រមានខ្លាំងពីបញ្ហាអាកាសធាតុ។ នេះបើតាមការប្រកាសពីអ្នករៀបចំ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ស្ថាប័នអាកាសធាតុអាល្លឺម៉ង់ បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ ដែលអាចវាយប្រហារលើតំបន់ជាច្រើន នៅជុំវិញរដ្ឋធានីនាយប់ថ្ងៃអង្គារ។

​មិនមានការប្រកួតណាមួយ ធ្វើឡើងនៅទីក្រុង Berlin នោះទេ នៅថ្ងៃអង្គារ ប៉ុន្តែអ្នកគាំទ្រអាចប្រមូលផ្តុំគ្នា នៅតំបន់ Brandenburg Gate និង Reichstag ដើម្បីទស្សនាការប្រកួតរវាងហ្សកហ្ស៊ី និងតួកគី ដែលធ្វើឡើងនៅទីក្រុង Dortmund មុនពេលការប្រកួតនៅពេលល្ងាចនាទីក្រុង Leipzig រវាងព័រទុយហ្គាល់ និងឆេក។

​តំបន់អ្នកគាំទ្រ ត្រូវបានគេរំពឹងថា នឹងបើកឡើងវិញនៅថ្ងៃពុធនេះ៕